(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានបង្ហើបឲ្យ​ដឹងថា ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បាន​ត្រៀម​ខ្លួនជាស្រេច ដើម្បីជួបសន្ទនា​ក្នុងលក្ខណៈស្ថាបនា ជាមួយ​ប្រតិភូតំណាង​ប្រទេសអ៊ីរ៉ង់ ហើយជំនួបនេះ​អាចនឹងប្រព្រឹត្ត​ទៅ​​ ក្នុង​​ឱកាសនៃកិច្ចប្រជុំមហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅទីក្រុង​ញូយ៉ក។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

ទាក់ទិននឹងរឿងនេះ កាលពីសប្តាហ៍មុន​ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីកគី ហាឡេយ (Nikki Haley) បាននិយាយថា រដ្ឋាភិបាលទីក្រុង​តេហេរ៉ង់ បានស្នើឲ្យមាន​ការរៀបចំជំនួប​រវាង​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី (Hassan Rouhani) និង​លោក ត្រាំ នៅក្រោម​ក្របខណ្ឌ​នៃកិច្ចប្រជុំមហាសន្និបាត​អង្គការសហប្រជាជាតិ ប៉ុន្តែការអះ​អាងនេះ​ក្រោយមក​ ត្រូវបានច្រានចោលដោយ​​ក្រសួង​ការបរ​ទេស​អ៊ីរ៉ង់។

គួរជម្រាបថា មហាសន្និបាត​​អង្គការសហប្រជាជាតិលើកទី ៧៣ បានប្រព្រឹត្តទៅកាលពី​ថ្ងៃទី១៨ ខែកញ្ញា ហើយនឹងបន្តរហូត​ដល់ថ្ងៃ​ទី០៥ ខែតុលា ខណៈក្នុង​សប្តាហ៍នេះ កិច្ចប្រជុំកម្រិតខ្ពស់​ជាច្រើន នឹងចាប់ផ្តើម​ធ្វើឡើង៕