(តេហេរ៉ង់)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលបរាជ័យដូចជាអតីតមេដឹកនាំអ៊ីរ៉ាក់ សាដំា ហូសេន នៅក្នុងការ ប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់ ហើយតេហេរ៉ង់នឹងមិនបោះបង់ចោលមីស៊ីលជាដាច់ខាត។ នេះគឺជាការព្រមានរបស់ប្រធានាធិបតី អ៊ីរ៉ង់ លោក ហាសាន់ រូហានី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

លោក រូហានី ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយទៅកាន់យោធាអ៊ីរ៉ង់ នាឱកាសរំលឹកដល់សង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ (ឆ្នាំ១៩៨០-១៩៨៨) កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា៖«រឿងដូចគ្នានឹងកើតឡើង ចំពោះលោក ដូណាល់ ត្រាំ ពោលគឺប្រធានាធិបតីអាមេរិករូបនេះ នឹងទទួលបរាជ័យព្រមទាំងការឈឺចាប់ដូចជាអតីតមេដឹកនាំអ៊ីរ៉ាក់ សាដំា ហូសេន នៅក្នុងការប្រឈមមុខជាមួយអ៊ីរ៉ង់...ហើយអ៊ីរ៉ង់ក៏គ្មានថ្ងៃបោះបង់ចោលមីស៊ីល របស់ខ្លួនជាដាច់ខាត»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ នាវាចម្បាំអ៊ីរ៉ង់ជាង៦០០គ្រឿង បានចូលរួមក្នុងសមយុទ្ធយោធាមួយកាលពីថ្ងៃសៅរ៍ ចំថ្ងៃតែមួយដែលខ្មាន់កាំភ្លើង០៤នាក់ បានបាញ់សម្លាប់មនុស្ស២៩នាក់ និងរបួសជាង៦០នាក់ នៅក្នុងពិធីព្យុហយាត្រាយោធារំលឹក ដល់សង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់។ ចំណែកឯ យោធាអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមទាំងសម្ព័ន្ធមិត្តអារ៉ាប់ដូចជា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត អារ៉ាប់រួមគឺជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ ហើយថានឹងចាត់វិធានការសងសឹកវិញ៕