(សាន់តូដូមីហ្គោ)៖ ​នាឱកាសនៃការធ្វើដំណើរបំពេញទស្សនកិច្ចនៅ​ទីក្រុងសាន់តូដូមីហ្គោ របស់សាធារណរដ្ឋដូមីនីកែន ប្រធានក្រុម​ប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ក្រុមអ្នកនយោបាយនៅតៃវ៉ាន់ ដែលពុំចោល គំនិត​ចង់​បាន​ឯករាជ្យនោះ កំពុងតែបង្កការបំផ្លិចបំផ្លាញដល់ស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនង​ចិន-តៃវ៉ាន់។ នេះបើតាមការដកស្រង់ ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

ការលើកឡើងរបស់លោក វ៉ាង ត្រូវបានធ្វើឡើងនៅក្នុងអំឡុងនៃការធ្វើសន្និសីទសារព័ត៌មានរួម នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយ រដ្ឋមន្រ្តីការបរទេសដូមីនីកែន លោក Miguel Vargas នៅពេលឆ្លើយតបទៅនឹងសំណួរដែលចោទសួរពីក្រុមអ្នកសារព័ត៌មាន ដោយក្នុងនោះមានការលើកឡើងថា នាពេលថ្មីៗនេះ ប្រទេសក៏ដូចជាសាធារណៈមិតមួយចំនួនបានអះអាងថាការបង្កើតចំណង ការទូតរវាង​ប្រទេសដូចជា សាធារណរដ្ឋ​ដូមីនីកែន និងប្រទេសចិន កំពុងតែធ្វើឲ្យស្ថានភាពនៃទំនាក់ទំនង​ចិន-តៃវ៉ាន់មានការប្រែ ប្រួល និងមិនអំណោយផលសម្រាប់ការរក្សា​​ស្ថិរ​ភាពក៏ដូចជាការអភិវឌ្ឍ​នៅក្នុងតំបន់ឡើយ។

លោកប្រមុខការទូតចិន បាន​និយាយថា ចិនគឺមានតែមួយប៉ុណ្ណោះនៅលើពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកដែលពុំអាចកាត់ផ្តាច់​បាន​នៃទឹកដីរបស់ចិន ដែលជាគឺជាការពិតជាក់ស្តែង និងជាមតិឯកច្ឆ័ន្ទដ៏សំខាន់មួយនៃសហគមន៍អន្តរជាតិ។ លោក វ៉ាង បានបន្តថា ការ​បង្កើតទំនាក់ទំនងការទូត​រវាង​ចិន និងប្រទេសដូចជាដូមីនីកែន បានប្រព្រឹត្តទៅតាម​និន្នាការ​ប្រវត្តិសាស្រ្តនិង​អន្តរជាតិ និងជា​ជម្រើស​ដ៏​ត្រឹមត្រូវមួយ នោះស្របទៅតាម​ផលប្រយោជន៍ស្នូល​និងយូរអង្វែង នៃ​ប្រទេស​ក៏ដូចជាប្រជាជនដូមីនីកែនហើយសម្រាប់ ការប្រែប្រួល​នៃ​ស្ថានភាពទំនាក់ទំនង​នៅតំបន់ច្រកសមុទ្រតៃវ៉ាន់វិញនោះ គឺបង្កឡើងពី​ក្រុមអ្នកនយោបាយនៅតៃវ៉ាន់ដែលមិន ចោលគំនិតចង់បាន​ឯករាជ្យឲ្យកោះមួយនេះឯណោះទេ។

គួរជម្រាបថា លោក វ៉ាង យី កំពុងស្ថិតក្នុងការបំពេញដំណើរទស្សនកិច្ច​ផ្លូវការនៅប្រទេសចំនួនបី នៅតំបន់អាមេរិកកណ្តាល និង​ខាង​ត្បូង ដោយសាធារណរដ្ឋដូមីនីកែន គឺជាគោលដៅដំបូងគេ មុនប្រទេសហ្គាយ៉ាណា (Guyana) និងស៊ូរីណាម (Suriname) ចាប់តាំងពី​ថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ៕