(ម៉ូស្គូ)៖ ខណៈសញ្ញាវិជ្ជមាន​បានបន្តកើតមានឡើង​ថែមទៀតនៅ​ឧបទ្វីបកូរ៉េ ក្រោយជំនួប​កំពូលលើកទីបី​រវាង​លោក មូន ជែអ៊ីន និង​​លោក គីម ជុងអ៊ុន អ្នកវិភាគស្ថានការណ៍នយោបាយនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក​បានបង្ហាញ​ការយល់ឃើញ​របស់ខ្លួនថា ប្រសិន​បើ​​សហរដ្ឋអាមេរិក​នៅឲ្យឆ្ងាយពី​ការធ្វើ​សមយុទ្ធយោធា​​ទាំងឡាយ ពោលគឺឈប់​​ធ្វើសកម្មភាពបង្កហេតុ​​ទាំងនេះទៀតនោះ ស្ថិរភាព​នៅ​​តំបន់​​អាស៊ីខាងកើត អាចនឹងរីក​សាយភាយ​ឡើង។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​សៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។

មានការយល់ឃើញថា ប្រសិនបើយោធាអាមេរិក​បញ្ឈប់លែងធ្វើសមយុទ្ធយោធា ដែលបង្កប់ដោយចេតនា​បង្កហេតុតទៀតនោះ សន្តិភាព​ និងស្ថិរភាព​នៅតំបន់​អាស៊ីខាងកើត នឹងបន្តរីកសាយភាយ​យ៉ាងទូលំទូលាយ ប្រហែលជា​អាចធ្វើឲ្យរុស្ស៊ី និងជប៉ុន ព្រមចុះ​សន្តិសញ្ញា​សន្តិភាព​ជាមួយគ្នាថែម​ទៀតផង ហើយទន្ទឹម​នឹងនោះលទ្ធផល​វិជ្ជមាននេះ អាចនឹងផ្តល់​ឱកាសឲ្យ​ចិន និងតៃវ៉ាន់ អង្គុយដោះស្រាយ​​​ភាពខ្វែងគំនិតគ្នា​ថែមទៀតផង។

គួរជម្រាបថា បើតាមកិច្ចព្រមព្រៀង​រួមរវាង​មេដឹកនាំកូរ៉េទាំងពីរ កូរ៉េខាងជើង បានគ្រោងនឹងកម្ទេច​កន្លែងធ្វើតេស្តមីស៊ីល​​​របស់ខ្លួន​ នៅ​តំបន់ តុញខាន់រី (Tonchkhan-ri) ចោលទាំងស្រុង នៅចំពោះមុខការ​ចុះសង្កេតពីសំណាក់​ក្រុមជំនាញ​អន្តរជាតិ។ មើលទៅ លោក គីម ជុងអ៊ុន ហាក់​កំពុងគោរព​តាមពាក្យសន្យារបស់លោក ហើយប្រសិនបើសហរដ្ឋអាមេរិក បញ្ចេញសកម្មភាពឆ្លើយ​តបដែលសមគួរនោះ ទីក្រុងព្យុង​យ៉ាង​នឹងបន្តកម្ទេចមូលដ្ឋាន​នុយក្លេអ៊ែរ​នៅ យ៉ុងប្យុន (Yongbyon) ថែមទៀត ប៉ុន្តែប្រសិនបើ​អាមេរិកបដិសេធ ហើយពួកគេសម្រេច​បន្តការធ្វើ​សម​យុទ្ធយោធា​ជាមួយកូរ៉េខាងត្បូង​ឡើងវិញនោះ ស្ថានការណ៍អាច​នឹងផុយស្រួយឡើងវិញ ហើយវាប្រហែល​ឈានទៅរកការផ្ទុះ​ភាព​តាន​តឹង​ សាជាថ្មីនៅ​ឧបទ្វីបកូរ៉េ៕