(តូក្យូ)៖ ទីបំផុតយាន​អវកាសជប៉ុន Hayabusa-2 ដែលបានចំណាយ​ពេលរាប់ឆ្នាំ​ធ្វើដំណើរទៅកាន់​អាចម៍ផ្កាយ Ryugu ដែលអាចគំរាមផែនដីនៅថ្ងៃមុខ កាលពីយប់មិញ​​បានបញ្ជូនយាន​​រ៉ូបូតពីរគ្រឿង​ ឲ្យចុះទៅលើមើលស្ថានការណ៍​នៅទីនោះផ្ទាល់​តែម្តង។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​​វែប​សាយ Space.com នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។

យានរ៉ូបូត​ទាំងពីរខាងលើមាន​ឈ្មោះថា MINERVA-II1A និង MINERVA-II1B។ ភ្លាមៗក្រោយ​ការទម្លាក់ពួកវា ក្រុមការងារ​បេសកកម្ម Hayabusa-2 បានឲ្យដឹងថា ខ្លួនបានភ្ជាប់​ទំនាក់ទំនង​​ជាមួយយាន​ទាំងពីរ ប៉ុន្តែបានដាច់ការ​ទាក់ទងទៅវិញ​នាព្រឹកនេះ។ យ៉ាង​ណាមិញ​​ ​ក្រុមបេសកកម្មបានបញ្ជាក់ថា វាពុំមែនជារឿង​គួរឲ្យព្រួយបារម្ភ​ខ្លាំងឡើយ ព្រោះថាបញ្ហានេះ​អាចបណ្តាលមក​ពី ​ការ​ធ្វើ​ចលនា​របស់​អាចម៍ផ្កាយ Ryugu។

ដោយឡែក​ យើងក៏មិនអាចមានជំនឿ​ជឿជាក់មួយភាគរយ​នោះដែរថា អ្វីៗ​គឺប្រសើរឡើងជាធម្មតា ដោយ​សារ​តែ​ការ​បញ្ជូន​យានទៅចុះចតលើ​​អាចម៍​ផ្កាយ ដែលស្ថិតនៅ​ចម្ងាយ ​៣០០លានគីឡូម៉ែត្រ​ពីផែនដី ពុំមែនជារឿង​ងាយៗ​នោះឡើយ។

គួរជម្រាបថា លក្ខណៈពិសេស​នៃយានរ៉ូបូតទាំងពីរ​គ្រឿងខាងលើ គឺវាមានលក្ខណៈ​មិនដូចយាន ដែលយើងធ្លាប់​បានឃើញ​​នៅលើ​​ភពអង្គារ៍កន្លងមក​នេះឡើយ ដោយជំនួសឲ្យការប្រើប្រាស់​កង់ដើម្បីចល័តខ្លួន យាន​ជប៉ុន MINERVA-II1A និង MINERVA-II1B នឹង​លោតពីកន្លែង​មួយទៅ​កន្លែងមួយ នៅពេលពួកវា​ត្រូវការផ្លាស់ទី។ យានទាំងពីរ​នឹងរុញច្រានខ្លួន​ឡើង​ទៅលើកម្ពស់​​​ប្រហែល​ ១៥ម៉ែត្រ​ មុនពេល​ទម្លាក់ខ្លួនដោយ​សន្សឹមៗ​ចុះមកវិញ ដោយសារតែកម្លាំង​ទំនាញដ៏ខ្សោយ​របស់ អាចម៍ផ្កាយ Ryugu។

យាន​បេសកកម្ម Hayabusa-2 ដែលមានតម្លៃ ១៥០លានដុល្លារ ត្រូវបានបាញ់​បង្ហោះកាលពីចុង​ឆ្នាំ២០១៤ ហើយបាន​ទៅដល់​ Ryugu ជាអាចម៍ផ្កាយ​មានមុខកាត់ជិតមួយ​គីឡូម៉ែត្រ ដែលស្ថិតនៅគន្លងគោចរចន្លោះ​ផែនដី និងភពអង្គារ កាលពី​ខែមិថុនា ឆ្នាំ២០១៨នេះ។ យានរ៉ូបូត MINERVA-II1A និង MINERVA-II1B ​មានទទឹងត្រឹម ​១៨សង់ទីម៉ែត្រ និងកម្ពស់​ ០៧សង់ទីម៉ែត្រ រួមជាមួយ​ទម្ងន់​ ១.១គីឡូក្រាម​​ប៉ុណ្ណោះ​។​

ក្រៅពីយានទាំងពីរ​ខាងលើនេះ នៅអំឡុងដើម​ខែក្រោយ យានមេ Hayabusa-2 ត្រូវគេកំណត់ថា នឹង​ទម្លាក់យានចុះចត​មួយគ្រឿង​ដែល​ធំជាងនេះ មានឈ្មោះថា MASCOT ទៅកាន់ Ryugu ខណៈយានតូចចុង​ក្រោយមួយទៀត ឈ្មោះ MINERVA-II2 នឹងឆ្ពោះទៅ​កាន់​អាចម៍ផ្កាយនោះ​នៅឆ្នាំក្រោយ។

ម៉្យាងវិញទៀត នៅឆ្នាំ២០១៩ Hayabusa-2 ក៏នឹងបញ្ជូនម៉ាស៊ីន​មួយទៅបំបុកផ្ទៃរបស់​អាចម៍ផ្កាយ Ryugu ផងដែរ ដើម្បីបង្កើត​ជារណ្តៅ​សម្រាប់​ឲ្យយាននេះ ចុះទៅប្រមូលគំរូតាង​នៅទីនោះផ្ទាល់តែម្តង ហើយគំរូតាង​ទាំងអស់នោះ នឹងត្រូវនាំយកមក​កាន់ផែនដីវិញ នៅ​​ខែ​ធ្នូ ឆ្នាំ២០២០ ប្រសិនបើអ្វីប្រព្រឹត្ត​ទៅយ៉ាងរលូន​ តាមការគ្រោង​ទុកទាំងអស់៕