(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក​កំពុងតែបញ្ចេញ​ចង្កូមរបស់ខ្លួនកាន់តែខ្លាំង តាមរយៈការ​ដាក់ទណ្ឌកម្ម​គ្រប់យ៉ាង ជាពិសេសគឺទណ្ឌកម្មសេដ្ឋកិច្ច​ដ៏ពេញនិយម ទៅលើប្រទេស​មិនរើសមុខនោះឡើយ​ឲ្យតែខ្លួនគិតថា ប្រទេសទាំងនោះ​បាននិងកំពុងបំផ្លាញ​ផល​ប្រយោជន៍របស់ខ្លួន តួយ៉ាងដូចជាអ្វីដែលបាន​កើតមានលើរុស្ស៊ី និងចិន​​នេះឯង។ នេះបើតាម​ការចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃសៅរ៍ ​ទី២២ ខែកញ្ញា ឆ្នាំ២០១៨។

កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ រដ្ឋបាលប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ បានសម្រេចចិត្ត​​ដាក់ទណ្ឌកម្មលើ​​យោធាចិន ជុំវិញការទិញ​យន្ដហោះ​ចម្បាំង Su-35 និងប្រព័ន្ធមីស៊ីល​​ការពារដែន​អាកាស S-400 ពីរុស្ស៊ី​ដោយលើក​​ហេតុផលថា ទង្វើនេះ​រំលោភ​បំពាន​​​លើ​ច្បាប់​ដាក់​ទណ្ឌ​កម្ម ប្រឆាំងនឹង​ទីក្រុងម៉ូស្គូ​​សម្រាប់ការ​លូកដៃចូលក្នុង​កិច្ចការបោះឆ្នោត​​អាមេរិក​ កាលពី​ឆ្នាំ២០១៦។

ជុំវិញបញ្ហាខាងលើនេះ អ្នកជំនាញជាន់ខ្ពស់​មួយរូបនៃវិទ្យាស្ថាន Chongyang របស់សាកល​​វិទ្យាល័យ Renmin របស់ប្រទេស​ចិនឈ្មោះ John Ross បានបញ្ជាក់​ប្រាប់វិទ្យុមួយរបស់​រុស្ស៊ីថា ប្រទេសចិន និងរុស្ស៊ីគ្មាន​ថ្ងៃទទួល​យកនូវការ​ដាក់​ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក​​​​បែប​នោះឡើយ។ អ្នកជំនាញ​ខាងលើ​បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «ការដាក់ទណ្ឌកម្ម​ដោយឥតប្រយ័ត្ន​ប្រយែង​របស់​សហរដ្ឋអាមេរិក មិនអាចយក​ឈ្នះនរណា​បានឡើយ ទោះជារយៈពេល​យូរយ៉ាងណាក៏ដោយ»។

គួរបញ្ជាក់ថា បើតាម​ការព្រមានពីអ្នកជំនាញ​ខាងលើនេះ ប្រទេសចិន និងរុស្ស៊ី គឺជា​ប្រទេស​មានឥទ្ធិពលខ្លាំងទាំង​ផ្នែកសេដ្ឋកិច្ច និងយោធា​នៅលើ​សកលលោក ដូច្នេះការ​មិនទទួលយកទណ្ឌកម្ម​ពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យកើត​មានបញ្ហា​តានតឹង​ទៅដល់សកលលោក​ទាំងមូល ជាក់​ជាមិនខានឡើយ៕