(ម៉ូស្គូ)៖ ឯកអគ្គរដ្ឋទូតចិន​ប្រចាំចក្រភព​អង់គ្លេស លោក លីវ ហ្សាវមីង (Liu Xiaoming) បានលើកឡើងថា ប្រទេសធំៗមួយចំនួន​នៅក្រៅតំបន់​កំពុងតែ​បង្ករឿង​តែខ្លាំងតាម​រយៈការបញ្ជូននាវា និងយន្តហោះចម្បាំង​ទៅកាន់សមុទ្រចិន​ខាងត្បូង ដោយ​ប្រទេសធំ​មានអំណាចនោះ គឺ​គ្មាន​នរណា​​ក្រៅ​​​តែ​ពី​សហរដ្ឋ​អាមេរិក​​ឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារ​ព័ត៌​មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងក្នុង​វេទិកា ស្តាប់មតិយោបល់​នៃអគ្គរដ្ឋទូតនានានៅអង់គ្លេស (Commonwealth Diplomats Induction Program) លោក Liu បានគូសបញ្ជាក់ថា ប្រទេសពាក់ព័ន្ធ​ក្នុងតំបន់​បាន​ខិតខំ​ប្រឹង​ប្រែង​ជាខ្លាំង ដើម្បីរិះរកដំណោះ​ស្រាយ​ចំពោះ​ភាពតានតឹង នៅតំបន់សមុទ្រចិន​ខាងត្បូងដោយ​ខ្លួនឯង ប៉ុន្តែទន្ទឹមនឹង​នេះ​ប្រទេសធំៗ​មួយចំនួន ដែលនៅក្រៅតំបន់​ឯណោះសោះ ហាក់ដូចជា​មិនពេញចិត្តចំពោះ​សុខសន្តិភាព​ នៅសមុទ្រចិន​ខាងត្បូងឡើយ ដោយ​ពួកគេ​បាន​បញ្ជូននាវាក៏ដូចជានាវា​ចម្បាំង​ពីចម្ងាយ មកកាន់​តំបន់នេះ​ដើម្បីបង្កបញ្ហា។

ក្នុងឱកាសនៃ​កម្មវិធីខាងលើ លោកឯកអគ្គរដ្ឋទូតចិន​បានរំលេចឡើង​នូវកិច្ច​ខិតខំប្រឹងប្រែង​​​រវាងចិន និងប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដើម្បី​ដោះស្រាយបញ្ហា​វិវាទក្នុង​តំបន់។ ប្រទេសទាំង​អស់ចំនួន ០៦ ​ក្នុងនោះមាន​សមាជិកអាស៊ាន​ចំនួន ០៣ រួមមាន​ចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី បានប្រកាស​ទាមទារចំណែក​រៀងៗខ្លួន​ នៅតំបន់សមុទ្រចិនខាងត្បូង ដោយចិនមាន​ការទាមទារធំ​ជាងគេ​។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០១៥មក សហរដ្ឋអាមេរិក​បានចាប់ផ្តើម​យុទ្ធនាការ Freedom of Navigation (សេរីភាព​នៃនាវាចរណ៍) តាមរយៈការ​ចល័តនាវា ឆ្លងកាត់តំបន់​សមុទ្រចិនខាងត្បូង ហើយសកម្មភាពនេះ​ត្រូវបានធ្វើឡើងកាន់​តែញឹកញាប់ឡើង នៅក្រោម​រដ្ឋបាលដឹកនាំរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ម៉្យាងវិញទៀត ទីក្រុងវ៉ាស៊ីនតោន ក៏បានព្យាយាមបញ្ចុះបញ្ចូល​​ប្រទេសដទៃទៀត ឲ្យចូលរួមសកម្មភាពនេះ ហើយចេញ​មុខជំទាស់នឹងការទាមទារ​ទឹកដីរបស់ចិន នៅសមុទ្រ​ចិនខាងត្បូងផងដែរ៕