(ម៉ានីល)​៖ ចំនួនមនុស្សស្លាប់ដោយបំណាក់ដី​ នៅទីក្រុង ណាហ្គា (Naga) ភាគកណ្តាលប្រទេស​ហ្វីលីពីន​បានកើនដល់ ២២នាក់។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

គិតត្រឹមពាក់​កណ្តាលយប់មិញនេះ សាកសព​មនុស្ស ២២នាក់ ត្រូវក្រុមសង្រ្គោះ​ទាញយកបានពីក្រោម​​គំនរដី ខណៈមនុស្ស ០៩នាក់​ ដែលនៅរស់រាន​មានជីវិត ក៏ត្រូវបានជួយ​សង្រ្គោះផងដែរ បន្ទាប់ពីគ្រោះរអិល​បាក់ដីដ៏អាក្រក់នេះ បានកើតមានឡើង​កាលពី​ព្រឹកថ្ងៃ​​ព្រហស្បតិ៍​សប្តាហ៍នេះ​ ដែលបានសង្កត់​ទៅលើផ្ទះសម្បែង​​ជាង ៥០ខ្នង។

គួរជម្រាបថា បើតាមអាជ្ញាធរ​ហ្វីលីពីន គ្រោះរអិល​បាក់ដីនេះ​បានបង្កឡើង​ដោយសារតែការធ្លាក់​ភ្លៀងខ្លាំងឥត​ឈប់ឈរ។ ទន្ទឹម​នឹង​នេះ នៅភាគខាងជើង​ហ្វីលីពីន ក្រុមសង្រ្គោះ​ក៏កំពុងតែបន្តរុករក​សាកសពមនុស្ស ដែលកប់នៅ​ក្រោម​បំណាក់ដី ដែលបង្កឡើង​​ដោយ​​ព្យុះទីហ្វុង Mangkhut កាលពីចុង​សប្តាហ៍មុន ដែលបានផ្តាច់​យកជីវិតមនុស្ស ​៨៨នាក់ និងបាត់ខ្លួន​រាប់សិប​នាក់ផងដែរ៕