(សេអ៊ូល)៖ អាចនិយាយបានថា វាជាព្រឹត្តិការណ៍​ដ៏គួរឲ្យចាប់អារម្មណ៍​បំផុតរវាង​ប្រទេស​កូរ៉េទាំងពីរ ខណៈដែលភាពវិជ្ជមាន​ដែលប្រមូលបាន នៅក្នុងរយៈពេលបី​ថ្ងៃកន្លង​ទៅនេះ អាចឲ្យកូរ៉េទាំងពីរ​បន្តមពូនផ្តុំទំនាក់ទំនង​ល្អឡើងវិញ នៅពេលអនាគត​ខាងមុខទៀត ស្របពេលដែលទំនាក់ទំនង​រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ក៏អាចនឹងកាន់តែ​ប្រសើរឡើងវិញ​ផងដែរ។ នេះបើតាមការ​បូកសរុបព្រឹត្តិការណ៍សំខាន់ ស្តីពីបញ្ហាអន្តរកូរ៉េនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។

ជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតី​កូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានចាប់ផ្តើមឡើងនៅទីក្រុងព្យុងយ៉ាង ចាប់តាំងពី​រសៀលថ្ងៃអង្គារ ទី១៨ ខែកញ្ញា មកម្ល៉េះ ហើយត្រូវបញ្ចប់ទៅវិញក្រោយពីលោក មូន ជែអ៊ីន និងភរិយា ជិះយន្តហោះត្រឡប់ទៅកូរ៉េខាងត្បូងវិញនៅល្ងាចថ្ងៃព្រហស្បតិ៍​នេះតែម្តង ក្រោយពីបញ្ចប់ទស្សនកិច្ចរយៈពេលបីថ្ងៃគត់។

១៖ ជំនួបកំពូល មូន-គីម ក្នុងថ្ងៃទី១

នៅថ្ងៃទី ១ គឺថ្ងៃអង្គារ ទី១៨ ខែកញ្ញា លោក មូន ជែអ៊ីន និងភរិយា បាន​ជិះយន្ដហោះចាកចេញពី មូលដ្ឋានទ័ពអាកាស សឿងណាំ (Seongnam) ក្នុងទីក្រុងសេអ៊ូលនៅម៉ោង ៨៖៤០នាទី​ព្រឹក​ឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង ដោយនាំទៅជាមួយប្រតិភូ១១០នាក់។ យន្តហោះលោក មូន បានទៅដល់​ទីក្រុង​ព្យុងយ៉ាង នៅម៉ោង ១០៖០០នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងព្យុងយ៉ាង)។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន បានចេញមកទទួលដំណើរ​ប្រធានាធិបតី​កូរ៉េខាងត្បូង​​លោក មូន ជែអ៊ីន ដោយផ្ទាល់នៅ​ឯអាកាសយានដ្ឋាន​​អន្តរជាតិ​ទីក្រុងព្យុងយ៉ាង ដែលនេះពិត​ជារឿងដែលកម្រ​មានបំផុត សម្រាប់ពិធីការទទួលមេដឹកនាំលើសកលោក។

លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានចាប់ដៃគ្នា​ទៅវិញទៅមក ក្រោមទឹកញញឹម ខណៈប្រជាជនកូរ៉េទាំង​ពីររំពឹងថា ប្រទេសជាបង​ប្អូនបង្កើតទាំងពីរ​ អាចនឹងផ្សះផ្សាគ្នា​ឡើងវិញ។

ទីបំផុតប្រធានាធិបតី​​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន និង​មេដឹកនាំ​កំពូល​ផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមកិច្ចចរចា​ជុំទី ១ ហើយនៅថ្ងៃអង្គារនេះ ក្នុងកិច្ចប្រជុំកំពូល​អន្តរ​កូរ៉េលើកទី ៣ ដែលមាន​គោលបំណង​សម្របសម្រួល ត្រួសត្រាយផ្លូវឱ្យមានការចាប់ផ្ដើមឡើងវិញ នូវកិច្ចពិភាក្សាស្ដីពី​ការលុប​បំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើឧបទ្វីប​កូរ៉េ​រវាង​លោក គីម និងលោក ដូណាល់ ត្រាំ។

នៅថ្ងៃទី ១ នៃកិច្ចពិភាក្សាគ្នាដែលចាប់ផ្តើនៅពេលរសៀលថ្ងៃអង្គារនោះ លោក គីម ជុងអ៊ុន បានថ្លែងទៅកាន់​ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន យ៉ាងដូច្នេះថា «លោកប្រធានាធិបតី មូន បានជួយយើង​ជាច្រើនក្នុងការស្វែង​រកកិច្ចចរចា​ជាប្រវត្តិសាស្ត្រ​រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង... ហើយដោយ​សារតែការចូលរួមនេះ វាបាន ធ្វើឱ្យតំបន់ទាំងមូល​មានស្ថេរភាព ខណៈភាព​រីកចំរើន និងលទ្ធផលគួរ​ជាទីគាប់ចិត្តនឹង​លេចរូបរាង​ឡើង»

២៖ ជំនួបកំពូល ម៉ូន-គីម នៅថ្ងៃទី២

កិច្ចពិភាក្សាថ្ងៃទី ២ គឺថ្ងៃពុធ ទី១៩ ខែកញ្ញា បានចាប់ផ្តើមជាផ្លូវការរវាង​លោក មូន និងលោក គីម ក្នុងទីក្រុងព្យុងយ៉ាងដដែល ដោយមិនបង្អង់យូរប្រមុខដឹកនាំវ័យក្មេង​កូរ៉េខាងជើងបានអះអាងថា លោកនឹងបំពេញ​​ដំណើរទស្សនកិច្ចទៅកាន់​​ទីក្រុងសេអ៊ូល ក្នុងអនាគតដ៏ខ្លី​ខាងមុខនេះ ខណៈលោក និងប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន ក៏បានឯកភាពគ្នា​ដែរថា នឹងប្រឹងប្រែង​ធ្វើឱ្យឧបទ្វីប​កូរ៉េ​គ្មានអាវុធនុយក្លេអ៊ែរ និងគ្មាន​ការគំរាមកំហែង។

កិច្ចប្រជុំនេះត្រូវ​បានធ្វើឡើងនៅឯ​វិមានរដ្ឋ ភែកហ្វាវ៉ុន (Paekhwawon) នៃទីក្រុងព្យុងយ៉ាង ហើយមិនតែប៉ុណ្ណោះ​នៅក្នុងជំនួបនោះ​មេដឹកនាំទាំងពីរ​ក៏បានចុះហត្ថលេខា​លើសេចក្ដីថ្លែងការណ៍រួមមួយ​ផងដែរ។

នៅក្នុងសេចក្តី​ថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្ត​គ្រាប់រ៉ុក្កែតរបស់ខ្លួន​នៅតំបន់ ថុញខាន់នី (Tonchkhan-ni) ចោលទាំងស្រុង រួមជាមួយរោងចក្រ​នុយក្លេអ៊ែរនៅ យ៉ុនប្យុន (Yonbyon)។ បន្ថែមពីនេះ​លោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរ​​បាន​ឯកភាពគ្នា​ប្តេជ្ញាបង្កើនកិច្ច​ប្រឹងប្រែង ដើម្បីលុបបំបាត់​អាវុធនុយក្លេអ៊ែរចេញពី​ឧបទ្វីបកូរ៉េ។

សម្រាប់កិច្ចព្រមព្រៀង​យោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដកកងទ័ព​រៀងៗខ្លួនចេញពីតំបន់​​ព្រំដែនគ្មានយោធា Demilitarised Zone ហើយលែងឲ្យ​មានការកាន់អាវុធ​នៅក្នុងភូមិ ផាន់ម៉ុនចុម (Panmunjom) តទៀតឡើយ ព្រមទាំងបង្កើត​តំបន់គ្មានការធ្វើសមយុទ្ធយោធា​​មួយ​ថែមទៀត​ ​ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រ​លឿង និងសមុទ្រជប៉ុន (សមុទ្រខាងកើត) ។

ជាចុងក្រោយ ទីក្រុងសេអ៊ូល និងព្យុងយ៉ាង​ក៏បានព្រមព្រៀង​បញ្ជូនក្រុម​អត្តពលិករួមគ្នា ឲ្យទៅប្រកួត​ក្នុង​កីឡាអូឡាំពិកឆ្នាំ២០២០ និង​ដាក់សំណើរួម​ដើម្បីសុំធ្វើជាម្ចាស់ផ្ទះ​ នៃកីឡាអន្តរជាតិ​នេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមាន​ថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរ​បន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនង​ប្រសើរឡើងវិញ​​រវាងបងប្អូន​កូរ៉េទាំងពីរ ដែលសហគមន៍​អន្តរជាតិចង់ឃើញ​ជាយូរណាស់​មកហើយ។

ដោយមិន​បង្អង់យូរ លោក ដូណាល់ ត្រាំ ដែលធ្លាប់​ជួប​​មុខ​ផ្ទាល់​ជាមួយ លោក គីម កាលពីពាក់​កណ្តាលខែមិថុនាកន្លង​ទៅនោះ ក៏បានបង្ហោះសារសម្តែង​ពីការត្រេកអរ​និងសាទរ​ភ្លាមៗ ចំពោះ​ស្ថាន​ការណ៍​​វិវឌ្ឍន៍​​យ៉ាងវិជ្ជមាន​នេះ។ បន្ថែមពីនេះទៀត​រដ្ឋមន្រ្តី​ការបរទេស​​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្តែងការស្វាគមន៍​​ចំពោះការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយ​​ទីក្រុង​ព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំ​កំពូលអន្តរកូរ៉េ​នាថ្ងៃពុធម្សិលមិញនេះ ហើយលោក​បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន​បានត្រៀមរួច​ជា​ស្រេច ដើម្បីចាប់ផ្តើម​កិច្ចចរចាភ្លាមៗ​តែម្តងដោយមិនបង្អង់​យូរឡើយ ដើម្បីសម្រេច​គោលដៅ​នៃការរំសាយ​អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ នៅឆ្នាំ២០២១។

៣៖ ជំនួបកំពូល មូន-គីម ថ្ងៃទី៣ (បញ្ចប់)

នាថ្ងៃទី ៣ ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ​នៃការបំពេញទស្សនកិច្ច​នៅកូរ៉េខាងជើង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើ​ដំណើរ​​ជា​មួយ​លោក គីម ជុងអ៊ុន ដើម្បីឡើងភ្នំ ភែកទូ (Paektu) ​ដ៏ល្បី​ប្រចាំឧបទ្វីបកូរ៉េ មុនពេលត្រូវត្រឡប់ទៅប្រទេស​វិញ ហើយវាក៏ជាក្តីសុបិន្តជាយូរណាស់មកហើយ របស់លោក មូន ក្នុងនាមជាជនជាតិកូរ៉េផងដែរ។

ដំណើរកម្សាន្ត​ដ៏កម្រនេះ ត្រូវបានរៀបចំឡើង​ក្រោមគោលដៅបង្កើន​បរិយាកាស​ឲ្យកាន់​តែស្និទ្ធស្នាល​រវាងមេដឹកនាំទាំងពីរ ព្រមទាំង​​​រំលេចពី​ភាពជោគជ័យនៃ​កិច្ចប្រជុំកំពូល​អន្តរកូរ៉េ ដែលបានប្រព្រឹត្ត​ទៅនៅទីក្រុងព្យុងយ៉ាង។ លោក មូន និង លោក គីម បានចាកចេញ​ពី​អាកាសយានដ្ឋានអន្តរជាតិ ស៊ូណា (Sunan) នៅព្យុងយ៉ាង នាវេលាព្រឹក​ថ្ងៃព្រហស្បតិ៍នេះ តាមយន្តហោះ​រៀងៗខ្លួន ហើយមេដឹកនាំទាំងពីរ​​ចាប់ផ្តើមធ្វើដំណើរ​ឡើងភ្នំរួមគ្នា តាមរយៈយាន​ជំនិះមួយគ្រឿង ក្រោយពីទៅដល់​ព្រលានយន្តហោះ សាំជីយ៉ុន (Samjiyon) ដែលនៅក្បែរភ្នំ ក្នុង​តំបន់​ភាគ​ខាងជើង។

ភ្នំ Paektu មានទីតាំងស្ថិតនៅ​តាមបណ្តោយព្រំដែន​កូរ៉េខាងជើង-ចិន ហើយវាគឺជាភ្នំដ៏ល្បីឈ្មោះ​មួយនៅលើឧបទ្វីបកូរ៉េ ខណៈមានជនជាតិ​កូរ៉េខាងត្បូងតែប៉ុន្មាន​រូបប៉ុណ្ណោះ ដែលធ្លាប់បាន​ឡើងភ្នំនេះ នៅកូរ៉េខាងជើង។ ដោយឡែក​នៅពេលត្រឡប់មក​កាន់​ព្យុងយ៉ាងវិញ លោក មូន នឹងត្រូវវិលត្រឡប់​ទៅកាន់​កូរ៉េខាងត្បូង ក្រោយពីបាន​ចំណាយពេល ០៣ថ្ងៃ ដើម្បីបំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង និងជួបលោក គីម ជាលើកទីបី​ក្នុងឆ្នាំ​នេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើដំណើរត្រឡប់មកដល់កូរ៉េខាងត្បូងវិញ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានចូលរួមក្នុងជំនួបកំពូល​ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង តាំងតែពីថ្ងៃអង្គារមក។

យន្ដហោះដឹកលោក មូន និងក្រុមមន្ត្រី​កូរ៉េខាងត្បូង រួមទាំងភរិយារបស់លោក បានមកដល់អាកាសយានដ្ឋាន Seongnam ស្ថិតនៅ ខាងក្រៅទីក្រុងសេអ៊ូល នៅម៉ោង ៥៖៤០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់)។ លោក មូន និងលោក គីម បានចូលរួមក្នុងកិច្ចប្រជុំ កំពូលអន្តរកូរ៉េជាលើកទី ៣ របស់អ្នកទាំង​ពីរនៅក្នុងឆ្នំា​២០១៨ នេះ។ បន្ថែមពីលើនេះ នៅក្រោយជំនួបកំពូល មេដឹកនាំកូរ៉េទាំងពីរបានឯកភាពគ្នាថា នឹងចាត់វិធានការសកម្មភាពចាំបាច់នានា សំដៅលុប​បំបាត់អាវុធ​នុយក្លេអ៊ែរនៅលើ​ឧបទ្វីបកូរ៉េ និងបញ្ចប់ពី​ភាពតានតឹង​រួមទាំងសកម្មភាព​អរិភាព​ទាំងឡាយ នៅតាមតំបន់ព្រំដែនកូរ៉េ។

គួរជម្រាបថា លោក មូន ជែអ៊ីន បានក្លាយជា​ប្រធានាធិបតីកូរ៉េខាងត្បូងទី ៣ ដែលបានយកជើងជាន់ទីក្រុងព្យុងយ៉ាង។ មេដឹកនាំកូរ៉េទាំងពីរ​បានជួបគ្នាពីរលើករួច​មកហើយ គឺកាលពី​ថ្ងៃទី២៧ ខែមេសា និងថ្ងៃទី២៦ ខែឧសភា ហើយមិនតែ​ប៉ុណ្ណោះ លោក គីម ជុងអ៊ុន ក៏បានសន្យាផង​ដែរថា នឹងបំពេញដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុងសេអ៊ូល ក្នុងពេលអនាគត​ដ៏ខ្លីខាងមុខ។

* ពាក្យបណ្តាំ៖ នៅក្នុងការត្រឡប់​មកកូរ៉េខាងត្បូងវិញ លោក មូន ជែអ៊ីន មិនភ្លេច​នៅក្នុងការរំលឹក​អំពីពាក្យប្តេជ្ញារបស់លោក គីម ជុងអ៊ុន ក្នុងការលុបបំបាត់​​នុយក្លេអ៊ែរ នៅតំបន់​ឧបទ្វីបកូរ៉េ ព្រមទាំងក្តីរំពឹងខ្ពស់របស់​មេដឹកនាំ​កូរ៉េខាងជើង ដើម្បី​បើកកិច្ច​ជំនួបកំពូលលើកទីពីរ​ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ៕