(អ៊ុយរ៉ាហ្គាយ)៖ នៅទីបំផុត​រដ្ឋាភិបាលអ៊ុយរ៉ាហ្គាស បានទទួលយក​ហើយនូវសំណើស្នើសុំសាង​សង់ រូបសំណាកអតីតគ្រូបង្វឹកក្រុម​ជម្រើសជាតិបាល់ទាត់​អ៊ុយរ៉ាហ្កាយ លោក អូស្កា តាបារែស (Oscar Tabarez) នៅក្នុងរដ្ឋធានី ម៉ុងតេវីដូ (Montevideo) ដើម្បីជាការដឹងគុណ និងរំលឹកដល់​ស្នាដៃរបស់លោក។ នេះបើតាមការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។

លោក Oscar Tabarez ឬគេស្គាល់រហស្សនាមថា The Teacher បានចំណាយពេល​ដឹកនាំក្រុមជម្រើសជាតិ​អ៊ុយរ៉ាហ្គាយដល់ទៅ ១២ឆ្នំា។ ចំណែកឯ​សំណើ​សាងសង់​​រូបសំណាករបស់លោក ត្រូវបានធ្វើឡើងដោយអ្នក​សង្គមវិទ្យាម្នាក់​ឈ្មោះ អេរិច អាល់វែស (Eric Alvez) ជាមួយការគាំទ្រ​ពីអ្នកគាំទ្រ ៥០០នាក់ ដែលស្នើឱ្យដំណើរការ​នីតិវិធីសាងសង់​នៅក្នុងឆ្នាំ២០១៨ នៅឯ​រុក្ខវិថី ឌឺជូលីយ៉ូលេខ ១៨ (18 de Julio) ក្នុងរដ្ឋ​ធានី Montevideo។

គួរជម្រាបថា លោក Oscar Tabarez ធ្លាប់បានដឹកនាំ​ក្រុមជម្រើសជាតិ​អ៊ុយរ៉ាហ្គាយ ឡើងដល់វគ្គពាក់កណ្ដាល​ផ្ដាត់ព្រ័ត នៃព្រឹត្តិ​ការណ៍​បាល់ទាត់ពិភពលោក World Cup 2010 និងវគ្គបួន​ក្រុមចុងក្រោយ World Cup 2018 ព្រមទាំងជួយ​ឱ្យក្រុមជម្រើសជាតិ​មួយនេះ លើកពាន Copa America កាលពីឆ្នាំ២០១១ ផងដែរ។ ក៏ប៉ុន្តែ​បច្ចុប្បន្នសមាគម​បាល់ទាត់អ៊ុយរ៉ាហ្កាយ (AUF) បានស​ម្រេចចិត្ត​ពន្យារពេលការចុះកុងត្រា​ថ្មីជាមួយលោក Tabarez បន្ទាប់ពី FIFA តម្រូវឱ្យ AUF បោះឆ្នោតជ្រើសរើស​ប្រធានរបស់ខ្លួន​ឱ្យមាន​តម្លាភាព និងយុត្តិធម៌៕