(អាមេរិក)៖ យាន​រុករក Curiosity របស់ទីភ្នាក់ងារអវកាស​អាមេរិក NASA បានផ្អាកប្រតិបត្តិការផ្នែក​វិទ្យាសាស្រ្តរបស់វា​ជាបណ្តោះអាសន្ន​សិន ដោយសារ​កើតមានបញ្ហា​នៅក្នុងប្រព័ន្ធ​ដំណើរមួយផ្នែករបស់វា។ នេះបើតាម​ការប្រកាសរបស់​ក្រុមការងារ​បេសកកម្ម Curiosity ដកស្រង់​ខ្លឹមសារ​ដោយ​វែបសាយ Space.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។

បញ្ហាខាងលើបាន​រារាំងមិនឲ្យយាន Curiosity បាញ់បញ្ជូននូវព័ត៌មានវិទ្យាសាស្រ្ត​សំខាន់ៗ ដែលស្តុកទុកនៅក្នុងអង្គចងចាំ​របស់វា មក​កាន់ផែនដីវិញ​បានឡើយ ប៉ុន្តែ Curiosity នៅតែមានសភាព​ល្អធម្មតា​ដដែលទេ តួយ៉ាង​យានរុករកនេះ​នៅតែអាចបញ្ជូន​ទិន្នន័យ​​បែប​ Real-Time អំពីស្ថានភាព​របស់វា។ ដោយឡែក ឧបករណ៍​វិទ្យាសាស្រ្ត​នៅលើយាន Curiosity ត្រូវបានបិទ​មួយរយៈសិន ខណៈ​ក្រុម​អ្នក​​ជំនាញ កំពុងធ្វើការត្រួតពិនិត្យ​លើបញ្ហាដែល​កើតមាន។

គួរជម្រាបថា យាន Curiosity បានចុះទៅដល់​តំបន់រណ្តៅ Gale Crater ដែលមាន​ទំហំ​ ១៥៤គីឡូម៉ែត្រ​លើភពអង្គារ (Mars) កាលពី​ខែសីហា ឆ្នាំ២០១២។ ក្នុង​អំឡុង​រយៈពេល​ជាង ០៦ឆ្នាំ នៃប្រតិបត្តិការ​របស់វានៅទី​នោះ Curiosity បានរុករក​ឃើញ​​ភស្តុតាងជាច្រើន​ដែលបង្ហាញថា​ ភព​ក្រហម​យក្សនេះ​អាចមានលទ្ធភាព​ទ្រង់ទ្រជីវិត​ក្នុង​ទម្រង់ជាសារពាង្គកាយ​តូចៗបាន កាលពី​អតីត​កាលដ៏យូរ​អង្វែង​កន្លង​ទៅ៕