(អាហ្វ្រិក)៖ រដ្ឋាភិបាល​លីបេរីយ៉ា (Liberia) បានប្រកាសថា ខ្លួនកំពុងបើកការ​ស៊ើបអង្កេត ទៅ​លើ​ការបាត់ស្រមោល​នៃលុយចំនួន ​​១០៤​លាន​ដុល្លារអាមេរិក ពីក្នុងធនាគារកណ្តាលនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។

ចំនួនលុយខាងលើ​ដែលស្មើនឹង​ជាង ១៦ពាន់លានដុល្លារ​លីបេរីយ៉ា ត្រូវបាន​ធនាគារកណ្តាល​នៃប្រទេសអាហ្រ្វិក​ខាងលិចមួយនេះ បង្គាប់ឲ្យបោះ​ពុម្ពមកពីក្រៅ​ប្រទេស ​ប៉ុន្តែលុយដ៏ច្រើន​សន្ធឹកសន្ធាប់នេះ ពុំទាន់ត្រូវគេតាមដាន​រកឃើញថា ទៅដល់ទីណា​នៅឡើយ​ទេ​។ លីបេរីយ៉ា​ពុំមានកន្លែង​បោះពុម្ពលុយ​ខ្លួនឯង នៅក្នុងប្រទេស​នោះឡើយ ដូច្នេះទើបត្រូវពឹង​ផ្អែកលើសេវានៅ​ក្រៅប្រទេស។

បើតាម​កំណត់ហេតុ ថវិកាខាងលើបានបាត់​ស្រមោលតាំងតែពីឆ្នាំ​មុនម្ល៉េះ ពោលគឺនៅចុងអាណត្តិ​នៃអតីតរដ្ឋបាលដឹកនាំ​របស់ លោក អ៊ែលឡេន ចនសុន ស៊ឺលីហ្វ (Ellen Jonhson-Sirleaf) ខណៈប្រធានាធិបតីលីបេរីយ៉ា​បច្ចុប្បន្ន ទើបតែបានដឹង​ពីរឿងនេះ​កាលពីខែមុន ហើយក៏រៀបចំក្រុម​ស៊ើបអង្កេតឡើង​តែម្តង។

គួរជម្រាបថា ជាមួយគ្នានេះ​ដែរមនុស្ស ១៥នាក់ រួមមានទាំងអតីត​​ទេសាភិបាល​ធនាគារកណ្តាល និងកូនប្រុស​របស់​​អតីត​ប្រធានាធិបតី​​លីបេរីយ៉ា ត្រូវបានហាមឃាត់​មិនឲ្យចាកចេញពីប្រទេស​ឡើយ ដោយត្រូវរង់ចាំការ​ស៊ើបអង្កេតចប់រួចរាល់​សិន៕