(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​អវកាស​អាមេរិក SpaceX បានប្រកាស​ឲ្យដឹងថា កំពូល​មហាសេដ្ឋីជនជាតិ​ជប៉ុនម្នាក់ នឹងក្លាយជាអតិថិជន​​​ដំបូងបំផុតរបស់ខ្លួន នៅក្នុងការធ្វើដំណើរ​ទេសចរណ៍​ ឡើងទៅកាន់ឋានព្រះច័ន្ទ នៅលើគ្រាប់រ៉ុក្កែត​ជំនាន់ថ្មី របស់ក្រុមហ៊ុន ដែលកំពុង​ស្ថិត​ក្រោមការអភិវឌ្ឍ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

លោក យ៉ាសូកា ម៉ាអេសាវ៉ា (Yusaku Maezawa​) វ័យ ៤២ឆ្នាំ ដែលជាស្ថាបនិក​វែបសាយលក់​សម្លៀកបំពាក់តាមអនឡាញ​ ធំបំផុតនៅជប៉ុនឈ្មោះ ហ្សូហ្សូថោន (Zozotown) ​បានបង្ហើប​ឲ្យដឹងថា បើឆាប់បំផុត​ការធ្វើទេសចរណ៍​ដ៏អស្ចារ្យនេះ អាចនឹងប្រព្រឹត្ត​ទៅបាននៅ​ឆ្នាំ២០២៣ ហើយរូបលោក​នឹងអញ្ជើញ​​អ្នក​សិល្បៈពី ០៦រូប ទៅ ០៨រូប ដើម្បីឡើងទៅ​កាន់ឋានព្រះច័ន្ទជា​មួយលោក ខណៈដែលមហាសេដ្ឋី​រូបនេះ បានម៉ៅយកកៅអីធ្វើដំណើរ​​ទាំងអស់តែម្តង។

យ៉ាងណាមិញ​ពុំមានការបញ្ជាក់​នៅឡើយទេថា តើលោក Maezawa ​ដែល​មានទ្រព្យ​សម្បត្តិ​​​ជិត​ ០៣​ពាន់លានដុល្លារ ​​ត្រូវ​ចាយលុយ​ចំនួន​ប៉ុន្មាន ក្នុងការធ្វើ​​ទេសចរណ៍​នៅក្រៅភពផែនដីបែបនេះ ប៉ុន្តែវាប្រាកដជាមិនតិចជាខ្ទង់លាន​ដុល្លារនោះឡើយ។ សម្រាប់ការធ្វើដំណើរកម្សាន្តនេះ គឺមិនមែនជាការចុះចតដោយផ្ទាល់ នៅលើផ្ទៃ​ព្រះច័ន្ទនោះឡើយ ដោយវាគ្រាន់តែជាការជិះក្រឡឹងឋានព្រះច័ន្ទប៉ុណ្ណោះ ប៉ុន្តែតើនរណាអាចនឹងស្មានដល់ទៅថា ជារឿងរំភើបកម្រិតណា?

បើគិតពីការឡើងទៅលើផ្ទៃព្រះច័ន្ទដោយផ្ទាល់នោះ គឺមានតែយាន Apollo របស់អង្គការ NASA ដែលមនុស្សទៅចុះចតចំនួនបីលើក នៅលើផ្ទៃព្រះច័ន្ទ​ចាប់ផ្តើមកាលពីឆ្នាំ១៩៦៩។ ប៉ុន្តែសម្រាប់ការធ្វើដំណើរជាលក្ខណៈកម្សាន្តបែប​ឯកជន​នេះ មិនទាន់មានក្រុមហ៊ុន ឬអង្គការណាមួយមានមហិច្ឆតាធំ ដូចជា SpaceX ក្នុងការកំណត់ពេលវេលាជាក់លាក់ថា នឹងសម្រេចឲ្យបាននោះឡើយ។

គួរជម្រាបថា បើតាម​លោក អេឡូន ម៉ាសក៍ (Elon Musk) ដែលជា​ស្ថាបនិក SpaceX គ្រាប់រ៉ុក្កែត Big Falcon Rocket ឬ BFR ដែលបច្ចុប្បន្ន​កំពុងស្ថិតក្រោម​ការអភិវឌ្ឍ​នៅឡើយ ហើយវានឹងត្រូវឆ្លងកាត់​ការធ្វើតេស្តនាពេល​ប៉ុន្មានឆ្នាំខាងមុខនេះ នឹងក្លាយជាកម្លាំងរុញច្រានប្រកបដោយអានុភាពបំផុត និងប្រសិទ្ធភាពខ្ពស់​ក្នុងការបញ្ជូនមនុស្ស និងយានចាក​ចេញពីភពផែនដី ព្រមទាំងសំដៅ​ឆ្ពោះទៅជុំវិញឋានព្រះច័ន្ទ ហើយត្រឡប់​មកវិញ៕