(អាមេរិក)៖ នាយកប្រតិបត្តិ ក្រុមហ៊ុន Apple លោក Tim Cook បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនរបស់លោក នឹងបរិច្ចាគថវិកាចំនួន១លានដុល្លារអាមេរិក ទៅកាន់កាកបាទក្រហម នៅក្នុងស្ថានភាព ដែលព្យុះសង្ឃរា Florence កំពុងវាយប្រហារ លើតំបន់ឆ្នេរ នៃភាគ​ខាងកើត​ សហរដ្ឋអាមេរិក, នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៤ ខែកញ្ញានេះ។

​លោក Tim Cook បានបង្ហោះនៅលើ Twitter របស់លោកថា «ប្រជាជននៅរដ្ឋ ​Carolina គឺស្ថិតនៅក្នុងចិត្តរបស់យើង, សូមឲ្យអ្នកទាំងអស់គ្នា មានសុវត្ថិភាព ហើយដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ ក្រុមហ៊ុន Apple នឹងបរិច្ចាគប្រាក់១លានដុល្លារអាមេរិក ទៅកាន់កាកបាទក្រហម»។

សូមជម្រាបថា ព្យុះសង្ឈរា Florence កំពុងធ្វើដំណើរ​សំដៅមកតំបន់ដី​គោក ជាមួយកម្លាំង​ខ្យល់បក់អតិបរមា ១៥០គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ ចំណែកឯភាគច្រើននៃផ្ទះ​ ដែលគ្មានអគ្គិសនី​ប្រើប្រាស់ គឺស្ថិតនៅក្នុងរដ្ឋ​ North Carolina​ និងរដ្ឋ​ South Carolina​។ ​​ទន្ទឹមគ្នានោះ ក្រុមមន្ត្រី​អាមេរិក ក៏បានព្រមាន​ផងដែរថា គ្រោះ​មហន្តរាយទឹកជំនន់ អាច​នឹងផ្ដាច់យកជីវិត​មនុស្សជា​ច្រើននាក់៕