(ឡូសអាន់ជែឡេស)៖ ខ្មាន់កាំភ្លើងដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើការបាញ់ប្រហារទៅលើមនុស្ស ០៥នាក់ នៅតំបន់បាឃឺសហ្វាល (Bakersfield) នៃភាគកណ្តាលរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក និងមានចម្ងាយ ២០០គីឡូម៉ែត្រ ពីទីក្រុង​ឡូសអាន់ជែឡេស។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

តាមការដកស្រង់សម្តីពីសមត្ថកិច្ចនៃតំបន់ខាងលើនេះឲ្យដឹងថា វាគឺករណីបាញ់​ប្រហារដ៏មិនធម្មតាមួយ ដែលកម្រកើតមានខ្លាំងនៅក្នុងរដ្ឋភាគនិរតី នៃសហរដ្ឋអាមេរិក​មួយនេះ ខណៈខ្មាន់កាំភ្លើងតែម្នាក់បានបាញ់សម្លាប់មនុស្ស រហូតដល់ទៅ០៥នាក់​ក្នុងពេលតែមួយនេះបែបនេះ។ ដូច្នេះអាជ្ញាធរបានចាត់ព្រឹត្តិការណ៍នៅល្ងាចថ្ងៃពុធ (ពេលវេលានៅអាមេរិក) គឺជាករណីបាញ់ប្រហារយ៉ាងកម្រោល។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើង​ខាងលើនេះ គឺបានបាញ់សម្លាប់ខ្លួនឯង នៅពីមុខ​សមត្ថកិច្ច​បន្ទាប់ពីរូបគេបានបង្ក​ការបាញ់ប្រហារ​ នៅវេលា​ម៉ោង ៥៖២០នាទីល្ងាចថ្ងៃពុធ។ សាក្សីដែលបាន​ឃើញហេតុការណ៍នេះ​បានរៀបរាប់ថា ពីដំបូងឡើង​ខ្មាន់​កាំភ្លើងបាន​សុំរថយន្តដឹក​ទំនិញមួយ​ ធ្វើដំណើរ​ដោយសារ រួចនៅពេល​រថយន្តនោះ​ឈប់ពីមុខអគារ​ក្រុមហ៊ុនមួយ ខ្មាន់កាំភ្លើងក៏បាន​ចេញមកធ្វើ​ការបាញ់​រះ​ជាបន្តបន្ទាប់ រហូតបង្កឲ្យ​មនុស្ស ០៥នាក់ស្លាប់ ទើបធ្វើអត្តឃាតខ្លួន​ឯងជា​ក្រោយ៕