(វៀងច័ន្ទ)៖ អាជ្ញាធរ​ឡាវកំពុងរៀបចំសេចក្ដី​ព្រាងច្បាប់មួយ​ ស្ដីពីការអភិវឌ្ឍបណ្ដាញ​ផ្លូវដែក ក្នុងគោលបំណង​ទាញយកប្រយោជន៍ ជាអតិបរមាពីការដឹកជញ្ជូនតាម​ផ្លូវដែក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាម​សារព័ត៌មាន Vientiane Times សេចក្ដីព្រាងច្បាប់​ខាងលើ ក៏មានគោលដៅផ្ដល់សំណងដល់​ប្រជាជន ដែលទទួលផលប៉ះពាល់​ពីគំរោងសាងសង់​ផ្លូវដែកនេះដែរ។ ម្យ៉ាងវិញទៀត សេចក្ដីព្រាង​ច្បាប់នេះ​ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅ កាន់សភាត្រួត​ពិនិត្យនៅដំណាច់​ឆ្នាំ២០១៨ ខណៈការសាងសង់​ផ្លូវដែកប្រវែង ៤១៧គីឡូម៉ែត្រ ភ្ជាប់ពីទីក្រុងវៀងច័ន្ទទៅកាន់តំបន់ ព្រំដែន​ចិន​អាចនឹងបញ្ចប់​នៅឆ្នាំ២០២១។

គួរជម្រាបថា បច្ចុប្បន្នឡាវមានផ្លូវដែក​ប្រវែងតែ ៣.៥គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែលតភ្ជាប់ពី​រដ្ឋធានីវៀងច័ន្ទ​ជាមួយខេត្ត ណុងខៃ (Nong Khai) ប្រទេសថៃ ហើយគំរោងសាងសង់​បណ្ដាញផ្លូវដែក គឺជាកិច្ចប្រឹងប្រែង​ភ្ជាប់តំបន់ដាច់ស្រយាល​មកកាន់តំបន់​ទីប្រជុំ ក៏ដូចជាចូលរួម​ចំណែកកាត់បន្ថយ​ការចំណាយ​ ថ្លៃធ្វើដំណើររបស់ប្រជាជន​ឡាវ។