(ភ្នំពេញ)៖ កាលពីខែមីនាឆ្នាំនេះ​អនុលោមតាម «ផែនការធ្វើឲ្យស៊ីជម្រៅ​នូវកំណែទម្រង់​ស្ថាប័នបក្ស និងជាតិនៃ​ប្រទេសចិន» អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍​មជ្ឈិមចិន បានត្រូវបង្កើត​ឡើង និងបើកស្លាក​ជាផ្លូវការកាល​ពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ។

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរួមបញ្ចូលគ្នានូវ ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ​ទាំងបីគឺ ស្ថានីយទូរទស្សន៍​មជ្ឈិមចិន (ស្ថានីយ​ទូរទស្សន៍អន្តរជាតិ​ចិន) ស្ថានីយវិទ្យុប្រជាជន​មជ្ឈិមចិន និង​វិទ្យុអន្តរជាតិចិន ឆ្លងតាមរយៈ​​ការអភិវឌ្ឍ​ដោយ​រួម​បញ្ចូលគ្នា និងច្នៃប្រឌិតថ្មី​បានតែប៉ុន្មានខែ​បុណ្ណោះ កម្លាំង​ផ្សព្វផ្សាយ កម្លាំងឥទ្ធិពល និងកម្លាំងនៃជំនឿទុកចិត្ត​ពីសាធារណជន បានត្រូវលើកកម្ពស់​យ៉ាងឆាប់​រហ័ស។

បន្ទាប់ពីបង្កើត​អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ការអភិវឌ្ឍដោយ​រួមបញ្ចូលគ្នាមាន​កម្លាំងកាន់តែ​ខ្លាំងក្លា ពោលគឺនៅវេទិកា​អាស៊ីក្រុង Boao ខែមេសា ឆ្នាំ២០១៨ ពិធិករ និងពិធីការិនី​នៃស្ថានីយវិទ្យុ និងទូរទស្សន៍​ជាតិទាំងបី​កាលពីមុន​ បានសម្រេចការ​ផ្សាយផ្ទាល់រួមគ្នា​ជាលើកដំបូង កិច្ចប្រជុំ​កំពូលក្រុង Qingdao នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ នៅខែមិថុនា ឆ្នាំ២០១៨ ប៉ុស្តិ៍ព័ត៌មាន​នៃ​ស្ថានីយ​ទូរទស្សន៍​មជ្ឈិមចិន​ បានសម្រេចការផ្សាយ​ផ្ទាល់ក្នុងពេលតែគ្នាជា​មួយ និង​ស្ថានីយ​វិទ្យុប្រជាជន​មជ្ឈិមចិន និងវិទ្យុអន្តរជាតិចិន​តាមរយៈវេទិកា​ផ្សាព្វផ្សាយ​ទីទៃគ្នា។

ទន្ទឹមនឹងនេះអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍​មជ្ឈិមចិន​បានបង្កើនពន្លឿន​ការអភិវឌ្ឍ នៃការរួម​បញ្ចូលគ្នា​នូវប្រព័ន្ធសារព័ត៌មាន​ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាបណ្តាញ​អ៊ីនធើណែត និងបច្ចេកវិទ្យា​ឌីជីថល​ថ្មីបំផុត បង្កើតវេទិកា​ប្រព័ន្ធសារព័ត៌មាន​ថ្មីសម្រាប់​ស្វែងរក និងបង្កើតប្រព័ន្ធ​សារព័ត៌មានរួម​បញ្ចូលគ្នា​ ដ៏សំខាន់ជាងគេ​ក្នុងប្រទេស​ចិន។

នៅខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុន​ទូរទស្សន៍អន្តរជាតិចិន ដែលស្ថិតក្រោម​ឱវាទអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍​មជ្ឈិមចិន បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​ស្តីពីកិច្ចសហប្រតិបត្តិការ​ ផ្នែកបច្ចេកទេសជាមួយ​ក្រុមហ៊ុន Alibaba ភាគីទាំងពីរ​បានធ្វើកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ Cloud Platforms ទិន្នន័យ​ធំៗ ប្រព័ន្ធ APP និងការបង្កើត​វេទិកាព័ត៌មាន​ភាវូបនីយកម្ម​ជាដើម​។

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុនទូរទស្សន៍អន្តរជាតិចិន​បានចាប់ផ្តើមធ្វើកិច្ច​សហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​ គ្រប់ជ្រុងជ្រោយ​ជាផ្លូវការជាមួយ​ក្រុមហ៊ុន CMCC លើវិស័យ​ធំៗចំនួន ០៦ ដូចជា​ការស្រាវជ្រាវ និងអភិវឌ្ឍន៍​បច្ចេកទេស 5G ការបង្កើត​ប៉ុស្តិ៍ទូរទស្សន៍​រូបភាពភ្លឺច្បាស់​ទម្រង់ 4K ការចែករំលែក​ខ្លឹមសារ ទិន្នន័យធំ និងប្រាក់ទុនជាដើម ដែលសម្រេចបាន​នូវការចែករំលែក​ធនធាន បំពេញបន្ថែម​ឧត្តមភាពគ្នា ផ្តល់ផលប្រយោជន៍​ដល់គ្នា និងឈ្នះ-ឈ្នះ។

កាលពីថ្ងៃទី១ខែសីហាឆ្នាំ២០១៨ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុន SINA បានធ្វើការផ្លាស់ប្តូរ​មតិយោបល់យ៉ាង​ទូលំទូលាយ និងបានឯកភាពគ្នាពង្រីក​វិស័យប្រព័ន្ធ​សារព័ត៌មាន​ជាលក្ខណៈបុគ្គល និងបណ្តាញ​ទំនាក់ទំនង​សង្គមជាដើម ។
ក្រៅពី​ការស្វែងរក និងការរួមបញ្ចូលគ្នា​ក្នុងវិស័យផ្សព្វផ្សាយ​ព័ត៌មាន ផលិតផល​ប្រកបដោយខ្លឹមសារ​ និងការអភិវឌ្ឍ​ផលិតកម្ម អគ្គស្ថានីយ​វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន​ក៏បានរួមបញ្ចូលនូវកម្លាំង​ផ្សព្វផ្សាយ ដើម្បីផលប្រយោជន៍​សាធារណៈ​នៃស្ថានីយវិទ្យុ និងទូរទស្សន៍​ជាតិទាំងបី ដែលបានញ៉ាំ​ឲ្យប្រសិទ្ធភាពខាង​ការផ្សព្វផ្សាយ​នូវផលប្រយោជន៍​សាធារណៈ​ បានកើនឡើងយ៉ាងខ្លាំង​។

ក្នុងការជួយឧបត្ថម្ភភាពក្រីក្រពីខែកក្កដាឆ្នាំ២០១៨ដល់ខែមិថុនាឆ្នាំ២០១៩ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមនឹងផ្តល់ធនធានជួយឧបត្ថម្ភភាពក្រីក្រតាមរយៈការផ្សព្វផ្សាយស្ពតពាណិជ្ជកម្មជាង១ពាន់លានយាន់ប្រាក់ចិននៅលើមូលដ្ឋានដែលបានចំណាយធនធានជួយឧបត្ថម្ភភាពក្រីក្រតាមរយៈការផ្សព្វផ្សាយស្ពតពាណិជ្ជកម្មចំនួន១ពាន់៤០លានយាន់ប្រាក់ចិនក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីជួយ​ឧបត្ថម្ភដល់តំបន់ក្រីក្រ កាន់តែច្រើននៅប្រទេសចិន។

ឧត្តមភាពយ៉ាង​​លេចធ្លោ នៃការផ្សព្វផ្សាយ​តាមកញ្ចក់ទូរទស្សន៍ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៨នេះ កូតាទស្សនា​នៃទូរទស្សន៍​មជ្ឈិមចិន ( CCTV) ក្នុងមួយថ្ងៃមាន ៣៣.៣១% ក្នុងនោះអត្រាទស្សនា​នៅពេលយប់ (ម៉ោង 19:00—23:00) មាន ៣១.០៥% កើនជាងរយៈពេល​ដូចគ្នានា​ឆ្នាំ២០១៧ ចំនួន ០.៦%។ កូតាទស្សនា​ច្រើនជាងគេ​ពីលំដាប់ទី ១ ដល់ទី ៥ គឺសុទ្ធតែជាប៉ុស្តិ៍​របស់ CCTV ។

កម្លាំងផ្សព្វផ្សាយ​​តាមបណ្តាញ​អ៊ីធើណែត​ បានបាននាំមុខគេក្នុងតារាង​ស្តីពី​ឥទ្ធិពល​ផ្សព្វផ្សាយ តាមបណ្តាញ​អ៊ីនធើណែត​នៃប្រព័ន្ធឃោសនា​មជ្ឈិមចិន​ធំ​ៗទាំង ១០ និងស្ថានីយទូរទស្សន៍​ថ្នាក់តំបន់​ចំនួន ៣៨ ផ្សេងទៀតនៅ​ត្រីមាសទី ២ ឆ្នាំ២០១៨ ដែលចេញផ្សាយដោយ​ក្រុមហ៊ុន CTR ឲ្យដឹងថា វេទិកាផ្សព្វផ្សាយ​នានា នៅក្រោម​ឱវាទ​អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍​មជ្ឈិមចិន​បានឈរនៅលំដាប់នាំ​មុខគេក្នុងតារាង​នេះ។ ក្នុងចំណោមប្រព័ន្ធឃោសនាមជ្ឈិមធំទាំង ១០ ទូរទស្សន៍ CCTV នៅលំដាប់ទី ១ ឯវិទ្យុអន្តរជាតិចិន និងវិទ្យុប្រជាជនមជ្ឈិមចិន​នៅលំដាប់ទី ៦ និង ទី៨។

ក្នុងអំឡុងពេលនៃ​ការប្រកួតបាល់ទាត់​ ពានរង្វាន់ពិភពលោក​ឆ្នាំនេះ កំណើន​នៃការប្រើប្រាស់ក្នុង​មួយថ្ងៃ នៃកម្មវិធី APP ចល័តឈ្មោះ CBox របស់អគ្គស្ថានីយ​មានការកើនឡើង​យ៉ាងខ្លាំង ពេលការប្រកួត​ទើបចាប់ផ្តើម ចំនួនអ្នក​ប្រើប្រាស់កម្មវិធី APP លើសពី ៩ លាននាក់ ជាពិសេសថ្ងៃទី១៨ ខែមិថុនា ចំនួនអ្នកទស្សនា​តាមកម្មវិធី APP ចល័តមាន​ដល់ទៅ ៥០ លានដង​ក្នុងមួយថ្ងៃ។

គិតពីដើមឆ្នាំនេះមក វីដេអូឃ្លីបនៃព្រឹត្តិការណ៍​ទាន់ហេតុការណ៍​ផ្នែកនយោបាយ​ ដែលជា «ផលិតផលពិសេស» នៃគេហទំព័រ cctv.com បានផលិត និងបង្ហោះវីដេអូឃ្លីប​អំពីព្រឹត្តិការណ៍​ទាន់ហេតុការណ៍​ផ្នែកនយោបាយ​ចំនួន ៣៥ ឃ្លីប​ដែលមាន​អ្នកចូលទស្សនា​ដល់ទៅ ២,៣០០ លានដង​គិតជាមធ្យម​ឃ្លីបនីមួយៗ​​មានអ្នកចូល​ទស្សនា ៦៥ លានដង។

ក្នុងនាមជាវេទិកាផ្សព្វផ្សាយថ្នាក់ជាតិ ចាប់ពីពេលបង្កើតឡើងមក អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបាន​ចូលរួមយ៉ាងសកម្មក្នុងការកសាង និងលើកកម្ពស់កម្រិត​នៃការបញ្ចូលគ្នា​ នៃប្រព័ន្ធសារព័ត៌មាន ក្នុងទិសដៅកសាង​ប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិ​​ដ៏ទាន់សម័យ និងឈានមុខលើ​ផ្ទៃអន្តរជាតិ បន្តស្វែងរក និងកែលម្អដោយ​ឥតឈប់ឈរនូវ​យន្តការអភិវឌ្ឍន៍​ ប្រព័ន្ធសារព័ត៌មាន ដើម្បីទទួល​បានសមិទ្ធផល​កាន់តែជាទី​មោទនៈ៕