(វ៉្លាឌីវ៉ូស្ដុក)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាថានឹងចូលរួមលើក កម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដោយឈរលើ គោលការណ៍ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។

លោក ស៊ី និងលោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ប្រចាំឆ្នាំរវាងចិន និងរុស្ស៊ី ក្រោមក្រប ខណ្ឌនៃវេទិការសេដ្ឋកិច្ចភាគខាងកើតលើកទី០៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅឯ ទីក្រុងវ៉្លាឌីវ៉ូស្ដុក (Vladivostok) ស្ថិតភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ក្រៅតែពីបង្ហាញចេតនាពង្រឹងទំនាក់ទំនងទ្វេភាគី មេដឹកនាំនៃប្រទេសទាំងពីរក៏បានជម្រុញផងដែរឱ្យមានការបង្កើន ការផ្លាស់ប្ដូរគ្នាទៅវិញទៅមកផ្នែកវប្បធម៌ អប់រំ ទេសចរណ៍ និងការវិនិយោគ ជាពិសេសគឺការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរដែលសុទ្ធតែកំពុងមានជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕