(ប៉ារីស)៖ ការស្ទង់មតិមួយ​ដែលត្រូវបានប្រកាស​លទ្ធផល នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រជាប្រិយភាព​នៃប្រធានាធិបតី​បារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង បានធ្លាក់ចុះ​យ៉ាងគំហុក​​បន្ថែមទៀត ដោយក្នុង​ចំណោម​ជនជាតិបារាំង ១០នាក់ មាន ០៧នាក់​ទៅហើយ​ដែលមិនពេញចិត្ត​ នឹងការដឹកនាំរបស់មេដឹកនាំ​វ័យ ៤០ឆ្នាំរូបនេះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​​ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។

បើប្រៀបធៀប​ទៅនឹងការស្ទាប់ស្ទង់មតិ កាលពីខែមិថុនា ឆ្នាំ២០១៨ លទ្ធផលនៃការ​ស្ទង់មតិនៅដើម​ខែកញ្ញានេះ ធ្វើឲ្យប្រធានាធិបតីរូបនេះធ្លាក់ចុះបន្ថែម ១២%។ ការស្ទង់មតិថ្មីៗនេះ​ត្រូវបានធ្វើឡើង​តាមប្រព័ន្ធអនឡាញ ទៅលើមនុស្សរុប ១,០០៤នាក់ នៅក្នុងរយៈពេលពីរ​ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែកញ្ញា ក្រុមការងារ Odoxa ផ្តល់​ជូនស្ថាប័ន France Inter, L'Express និងសារព័ត៌មាន​ក្នុងតំបន់។

គួរបញ្ជាក់ថា នេះជា​លើកទី ១ ហើយចាប់តាំង​ពីលោក ម៉ាក្រុង ឡើងកាន់​តំណែង​កាលពីឆ្នាំ២០១៧ ដែលប្រជាជន​បារាំងក្នុងភាគរយ​ដ៏ច្រើន បានចាត់​ទុកលោក​ជាប្រធានាធិបតី​មួយរូបដែល​មិនល្អ។ ការធ្លាក់ចុះនេះ គឺដោយសារ​តែលោក​ ម៉ាក្រុង បានចំណាយ​ពេលកម្សាន្តច្រើន ជាមួយមន្ត្រី​ជំនិតៗមួយចំនួន ព្រមទាំង​រឿងអាស្រូវ​ពាក់ព័ន្ធនឹង​កងអង្គរក្សរបស់លោក​មួយរូប ដែលបានប្រើប្រាស់​អំពើហិង្សា ប៉ុន្តែមិនត្រូវបានច្បាប់​កាត់ទោសនោះ​ជាដើម៕