(បរទេស)៖ អង្គការស្រាវជ្រាវ​​ទីអវកាសឥណ្ឌា បានបង្ហាញសម្លៀក​បំពាក់ផលិតឡើង​នៅក្នុងស្រុក​សម្រាប់ក្រុមអ្នក​អវកាសរបស់ខ្លួន ជាលើកដំបូងនៅក្នុង​ពិធីមួយរៀបចំ​ឡើងកាលពី​ថ្ងៃទី០៦ ខែកញ្ញាដែលជាការ​ត្រៀមសម្រាប់​បំពេញបេសកកម្ម​ដំបូង នៃអវកាស​យានិកឥណ្ឌា និងក្នុងនាម​ជាប្រទេសទី ៤ ទៅកាន់​ទីអវកាស។ នេះបើតាម​ការចេញ​ផ្សាយដោយ​វែបសាយ Space នារសៀល​ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។

ពិធីដាក់តាំង​បង្ហាញសម្លៀក​បំពាក់នេះ ធ្វើឡើងតែប៉ុន្មាន​សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌា​បានប្រកាសពីគំរោង​ដ៏មានមហិច្ឆតា ក្នុងការបញ្ជូនក្រុមអ្នក​អវកាសរបស់ខ្លួន​ ទៅកាន់ស្ថានីយ​អវកាស​នៅឆ្នាំ២០២២ ខាងមុខនេះ ពោលគឺចំថ្ងៃរំលឹក​ដល់ខួបលើក​ទី ៧៥ នៃឯករាជ្យជាតិ​របស់ឥណ្ឌា និងជាគំរោងធំមួយរបស់នាយករដ្ឋមន្ត្រីឥណ្ឌា​លោក ណារិនដ្រា ម៉ូឌីន ដើម្បីបង្ហាញឲ្យពិភពលោកឃើញអំពីភាពរីកចំរើនដ៏ឆាប់រហ័ស នៃការស្រាវជ្រាវទីអវកាសរបស់មហាយក្សលេខ ១ នៅអាស៊ីមួយនេះ។

គំរោងបញ្ជូន​អ្នកអវកាស ឬមានឈ្មោះថា Gaganyaan ហើយនឹងដើរ​តាមគន្លងរបស់​អ្នកអវកាស​ឥណ្ឌាដំបូងគេ​បំផុតឈ្មោះ Rakesh Sharma ដែលបានហោះហើរ​ទៅកាន់ទីអវកាស​កាលពីឆ្នាំ១៩៨៤។ ក៏ប៉ុន្តែនៅក្នុង​ពេលនេះ ឥណ្ឌាកំពុងអភិវឌ្ឍកម្មវិធី​ដែលផ្ដោតសំខាន់លើការ​រចនាសម្លៀកបំពាក់​ សម្រាប់អ្នក​អវកាស និងប្រើប្រាស់​គ្រាប់រ៉ុក្កែតដែលផលិតដោយខ្លួនឯងសុទ្ធសាធ។

ជាមួយគ្នានោះ​ដែរបើតាម​ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា សម្លៀកបំពាក់អវកាស​ពណ៌ទឹកក្រូច​ចំនួនពីរ ត្រូវបានផលិតរួច​រាល់ហើយ ខណៈ សម្លៀកបំពាក់ទីបី នឹងត្រូវផលិតមុន​ការហោះហើររបស់ក្រុម​អ្នកអវកាស​ចាប់ផ្ដើម។ នៅអំឡុងការ​ធ្វើបទបង្ហាញ​កាលពីសប្ដាហ៍មុន សម្លៀកអាវកាស​ទាំងនេះ​ត្រូវគេឱ្យដឹងថា មានកម្រាស់​បួនកម្រិត និងមានទម្ងន់​តិចជាង ០៥គីឡូក្រាម។

គួរបញ្ជាក់ថា សម្លៀកបំពាក់​អវកាស​ខាងលើ ត្រូវបាន​ផលិតឡើងដោយប្រើរយៈពេល ០២ឆ្នាំ ហើយវាមាន​បំពាក់ទៅដោយ​ធុងស្តុកអុកស៊ី​ហ្សែន ដែលអាចទ្រទ្រង់​ការដកដង្ហើម​រយៈពេលមួយ​ម៉ោង នៅក្រៅស្ថានីយ។ តាមការផ្សាយ​របស់កាសែត Hindustan Times របស់ឥណ្ឌាកាលពីពេលថ្មីៗនេះ កាលបរិច្ឆេទ​នៃការ​សម្រេចជោគជ័យ​ខាងលើនេះ គឺត្រូវបានកំណត់ដោយ​អង្គការស្រាវជ្រាវ​អវកាសឥណ្ឌា (ISRO) ប៉ុន្តែក្រុមការងារ​របស់ស្ថាប័ន​ជាតិនេះ បានធ្វើការងារ​របស់ខ្លួនពាក់ព័ន្ធ​នឹង​គំរោងបញ្ជូនមនុស្ស​ទៅទីអវកាស តាំងតែ​ពីឆ្នាំ២០០៤មកម្ល៉េះ ហើយ​ពេលនេះ ISRO ហ៊ានធានា​អះអាងថា ខ្លួនគ្មានបញ្ហានោះ​ឡើយចំពោះកាលបរិច្ឆេទ​ខាងលើនេះ៕