(ញូយ៉ក)៖ អស់រយៈពេល ១៧ឆ្នាំ មកហើយ​ក្រោយកើតមានមហាភេរវកម្ម បើកយន្តហោះបុកកម្ទេចអគារភ្លោះ​ពាណិជ្ជកម្ម​ពិភពលោក «World Trade Center» ក្នុងទីក្រុង​ញូយ៉ក របស់​សហរដ្ឋអាមេរិក។​ ប៉ុន្តែរហូតមក​ទល់នឹងពេលនេះ ការកំណត់​អត្តសញ្ញាណជន​រងគ្រោះ មិនទាន់បិទបញ្ចប់​នៅឡើយទេ ខណៈមនុស្សសរុប​ ១,១១១នាក់ មិនទាន់ត្រូវបាន​គេកំណត់អត្តសញ្ញាណ​នៅឡើយ។ នេះបើតាមការ ចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។

មន្ទីរពិសោធន៍​មួយស្ថិតនៅក្នុង​សង្កាត់ មែនហាត់ធិន (Manhattan) នៃទីក្រុងញូយ៉ក បាននិងកំពុងធ្វើ​ការងាររបស់​ពួកគេ ដើម្បីបញ្ជាក់​អត្តសញ្ញាណជនរងគ្រោះ​ដោយប្រើប្រាស់បច្ចេកវិទ្យា​ទំនើបៗ។ គិតមកទល់​នឹងពេលនេះ ជនរងគ្រោះ ១,៦៤២នាក់ហើយ ក្នុងចំណោម​អ្នកស្លាប់ទាំងអស់ ២,៩៩៦នាក់ ត្រូវបាន​កំណត់អត្តសញ្ញាណ​ជាផ្លូវការ រីឯ ១,១១១នាក់ទៀត មិនទាន់អាចកំណត់​អត្តសញ្ញាណបាន​នៅឡើយទេ។

គួររំលឹកថា ការវាយប្រហារ​មហាភេរវកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានផ្ដាច់​ជីវិតមនុស្ស ២,៩៩៦នាក់ និងជាង ៦,០០០នាក់​ផ្សេង​ទៀត​រងរបួស ហើយសហរដ្ឋអាមេរិក​ចោទប្រកាន់ថា​ ក្រុមអាល់កៃដា​របស់អតីតមេដឹកនាំអូសាម៉ា ប៊ិនឡាដិន គឺជា​អ្នកទទួលខុសត្រូវលើ​ការវាយប្រហារនេះ រហូតដល់ ១០ឆ្នាំ​ក្រោយមក គឺនៅឆ្នាំ២០១១ ទើបលោក អូសាម៉ា ប៊ិនឡាដិន ត្រូវបានកង​កុម្ម៉ង់ដូពិសេស​​អាមេរិក​ធ្វើឃាត​បានសម្រេចក្នុង​ប្រទេស​ប៉ាគីស្ថាន៕