(ហ្គាណា)៖ សាកសពរបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ UN លោក កូហ្វី អាណាន់ (Kofi Annan) បានទៅដល់រដ្ឋធានី​អាកក្រា (Accra) ប្រទេសហ្គាណាហើយ​កាលពីល្ងាច​ថ្ងៃចន្ទ ដោយចាកចេញ​ពីប្រទេសស្វីស ជាទីដែល​លោកបានទទួល​មរណភាព កាលពីខែសីហា​ក្នុងវ័យ ៨០ឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។

សាកសព​របស់​លោក Kofi Annan ត្រូវបានដឹក​តាមជើង​ហោះហើរ ពិសេសមួយ​ដែលបានចុះចត​នៅឯអាកាសយានដ្ឋាន​អន្តរជាតិ កូតូកា (Kotoka) អមដំណើរ​ដោយប្រពន្ធ និងកូនៗរបស់​លោក​ព្រមទាំង​មន្ត្រី UN ជាច្រើននាក់។ ចំណែកឯ​មឈូសដាក់សព​របស់លោក ត្រូវបានទទួល​ស្វាគមន៍ដោយ​កងទ័ពជាតិហ្គាណា​ ដែលបានជំនួស​ទង់ជាតិ UN ដោយទង់ជាតិ​ប្រទេសហ្គាណានៅលើមឈូសដាក់​សពរបស់​លោក។

គួរបញ្ជាក់ថា សាកសពរបស់​អតីតអគ្គលេខាធិការ UN និងជាជ័យ​លាភីពានរង្វាន់ណូបែល​សន្តិភាព ត្រូវបានគេបញ្ជូន​ទៅកាន់ មជ្ឈមណ្ឌសន្និសីទ​អន្តរជាតិទីក្រុង (Accra International Conference Center) ជាទីដែល​នឹងត្រូវរៀបចំពិធីបុណ្យសព​រយៈពេល​បីថ្ងៃសម្រាប់​ប្រជាជន និងរដ្ឋាភិបាលហ្គាណា៕