(ពិភពលោក)៖ ថ្ងៃនេះជាខួប ១៧ឆ្នាំ នៃព្រឹត្តិការណ៍​វាយប្រហារភេរវកម្ម​បួនដងផ្សេងគ្នា ពីសំណាក់ក្រុមភេរវករ​អាល់កៃដា នៅក្នុងដែនដី​នៃប្រទេសមហាអំណាច​សហរដ្ឋអាមេរិក ដោយបានកើតឡើង​កាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០០១ កន្លងទៅនេះ។ ព្រឹត្តិការណ៍​ភេរវកម្មនេះ ត្រូវបានចាត់​ទុកជារបត់មួយដ៏សំខាន់ និងជូរចត់ក្នុងប្រវតិ្តសាស្រ្តសហរដ្ឋអាមេរិក ព្រមទាំងពិភពលោកទាំងមូល ព្រោះបានបណ្តាលឲ្យមនុស្ស ២,៩៩៦នាក់ស្លាប់ និងជាង ៦,០០០នាក់​ផ្សេងទៀត​រងរបួស។

ខាងក្រោមនេះព័ត៌មានលម្អិត ជុំវិញហេតុការណ៍នេះ៖

* គម្រោងនៃការវាយប្រហារ៖ គម្រោងនៃការវាយប្រហារនេះ ត្រូវបានរៀបចំដោយ​លោក Khalid Sheikh Mohammed ដែលចូលខ្លួន​បម្រើលោក Osama bin Laden ជាលើកដំបូង​ក្នុងឆ្នាំ១៩៩៦។ នៅដើមឆ្នាំ១៩៩៩ លោក Bin Laden បានសម្រេចយល់​ព្រមលើគម្រោងការ​វាយប្រហារនេះ។ មេដឹកនាំសំខាន់ៗរួមមាន​លោក Bin Laden លោក Mohammed Atef និង​លោក Mohammed បានរួមគ្នារៀបចំ​គម្រោងការវាយ​ប្រហារ ដូចជា​ជ្រើសរើសគោលដៅវាយប្រហារ ជ្រើសរើសមនុស្ស​ដើម្បីធ្វើប្រតិបត្តិការ​ប្លន់យន្តហោះ និងរៀបចំ​សម្រួលការធ្វើដំណើរ​ សម្រាប់ពួកចោរប្លន់​ទាំងនោះទៅកាន់​សហរដ្ឋអាមេរិក។

យ៉ាងនេះក្តី លោក Bin Laden បានបដិសេធគម្រោង​គោលដៅ​វាយប្រហារមួយ​ចំនួនដូចជា ធនាគារ Bank Tower ក្នុងរដ្ឋ Los Angeles ជាដើម មូលហេតុដោយសារ​គ្មានពេលគ្រប់គ្រាន់​ សម្រាប់ការរៀបចំ។ លោក Bin Laden បានធ្វើជាអ្នកដឹកនាំ និងឧបត្ថម្ភជាថវិកា​សម្រាប់រៀបចំ​គម្រោង និងជាអ្នកជ្រើសរើស​មនុស្សធ្វើសកម្មភាព​ភេរវកម្ម។

ក្រោយពេលព្រឹត្តិការណ៍នេះកើតឡើង គឺនៅក្នុងឆ្នាំ២០០៤ មេដឹកនាំកំពូល​របស់ក្រុមភេរវករ​រូបនេះ បានបង្ហើបឲ្យដឹងថា លោកបានរក​ឃើញគំនិត​ នៃការបើកបុកអគារ​ភ្លោះនេះ បន្ទាប់ពីលោក​បានឃើញ​ព្រឹត្តិការណ៍ បំផ្ទុះគ្រាប់បែ​កទៅលើអគារខ្ពស់មួយ​ ក្នុងអំឡុងនៃសង្គ្រាម​នៅប្រទេស​លីបង់កាលពី ឆ្នាំ១៩៨២ កន្លងទៅនេះ។ បុគ្គលសំខាន់ៗ​មួយចំនួន ត្រូវបានជ្រើសរើស​ជាមេដឹកនាំក្រុម សម្រាប់​ធ្វើសកម្មភាពប្លន់យន្តហោះ ហើយមួយចំនួន​ទៀតត្រូវបានតែងតាំង​ ត្រឹមជាជំនួយការ​ប៉ុណ្ណោះ ដោយសារពួក​គេខ្វះចំណេះដឹង​ភាសាអង់គ្លេស ដែលធ្វើឲ្យមាន​ភាពលំបាក​ ក្នុងការហ្វឹកហាត់បើកបរ​យន្តហោះ។

នៅចុងឆ្នាំ១៩៩៩ បុរសបួននាក់ បានធ្វើដំណើរមកពីទីក្រុង Hamburg ប្រទេស អាឡឺម៉ង់ រួមមានលោក Mohamed Atta លោក Marwan al-Shehhi លោក Ziad Jarrah និងលោក Ramzi bin al-Shibh។ បុរសជើងខ្លាំងទាំងនេះ ត្រូវបានជ្រើសរើសដោយសារទទួលបានការអប់រំខ្ពស់ មានចំណេះដឹងភាសាអង់គ្លេស និងមានបទពិសោធន៍រស់នៅប្រទេសលោកខាងលិច។

ចំណែក​លោក Hani Hanjour ធ្លាប់មានលិខិត​អនុញ្ញាតធ្វើជាអ្នកបើកបរ​យន្តហោះស្រាប់ ហើយលោកផ្ទាល់​បានបង្រៀនពួកភេរវករ​ផ្សេងទៀត ពីរបៀបរស់នៅ កុម្មង់អាហារ និងការស្លៀកពាក់បែប​លោកខាងលិច។ បន្ទាប់ពីការ​ជ្រើសរើសរួចរាល់​ហើយ ក្រុមប្រតិបត្តិការ​ប្លន់យន្តហោះ បានទៅទទួលវគ្គ​ហ្វឹកហាត់ដើម្បីរៀន​បើកយន្តហោះ​ឲ្យកាន់តែស្ទាត់​ជំនាញ ព្រមទាំងធ្វើ​ដំណើរទៅកាន់​សហរដ្ឋអាមេរិក ដោយក្នុងនោះ​មួយចំនួន បានប្រើប្រាស់​លិខិតឆ្លងដែន​ខុសច្បាប់។

* ការស៊ើបអង្កេតមុន​ភេរវកម្មកើតឡើង៖ ការពិតទៅ​មុនពេលហេតុការណ៍នេះ​កើតឡើង មនុស្សជាច្រើន​មានការសង្ស័យរួចទៅហើយ​ ទៅលើក្រុមភេរវករ​ទាំងនោះ។ ជាក់ស្តែងក្រុម​ចង់សម្ព័ន្ធជា​មួយFBI បានស្នើផ្តល់ដំណឹងដល់​ក្រុមស៊ើបអង្កេត​ទាំងនោះ តែបែរជាមាន​ការបដិសេធថា​ នេះមិនមែនជាកិច្ចការរបស់ FBI ទៅវិញ។

នៅចុងខែមិថុនាឆ្នាំ១៩៩៩ លោក Richard Clarke មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុកប្រឆាំង​ភេរវកម្ម និង លោក George Tenet ប្រធានភ្នាក់ងារ​ស៊ើបអង្កេត CIA បានអះអាងថា «ការវាយប្រហារ​ដ៏ធ្ងន់ធ្ងរមួយ ទំនងជាអាចកើត​ឡើងនៅប្រទេស​អ៊ីស្រាអែល ឬអារ៉ាប៊ីសាអូឌីត»។ ហើយនៅដើម​ខែកក្កដា ឆ្នាំដដែល លោក Clarke បានដាក់ការព្រមាន​យ៉ាងធ្ងន់ធ្ងរ​ជាថ្មីថា «ការវាយប្រហារដ៏​ពិតប្រាកដមួយ នឹងកើតឡើងឆាប់ៗ​ក្នុងពេល​ខាងមុខ»

មិនតែប៉ុណ្ណោះលោកបានស្នើក្រុមFBI និងក្រសួងការបរទេស ធ្វើការក្រើនរំលឹកដល់បណ្តាស្ថានទូត ប៉ុស្តិ៍ប៉ូលីស និងក្រសួងការពារជាតិ បន្ទាប់ពីរកឃើញថា ក្រុមភេរវករអាល់កៃ​ដា បានធ្វើដំណើរមកកាន់ដែនដី​សហរដ្ឋអាមេរិក ហើយកាន់តែ​ចម្លែកនោះ គឺពួកគេកំពុងចូលរៀន​នៅសាលាបើកបរយន្តហោះ​ថែមទៀតផង។ កាន់តែសំខាន់នោះ​គឺពួកគេ អាចដឹងរហូត​ដល់ព័ត៌មាន​លម្អិតនៃភេរវករ​ម្នាក់ៗ។ ជាអកុសល្យ សហរដ្ឋអាមេរិក​នៅតែមិនអាចបង្ការ​សោកនាដកម្មនេះ​បានឡើយ។

* ការវាយប្រហារ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា កាលពី១៥ឆ្នាំមុន ក្រុមភេរវករ១៩នាក់ បានចាប់ផ្តើមធ្វើសកម្មភាព ប្លន់យន្តហោះដឹកអ្នក​ដំណើរខ្នាតធំ​ ដែលមានគោលដៅ​ឆ្ងាយៗ មូលហេតុ​ដោយសារយន្តហោះ​ទាំងនោះ មានផ្ទុកប្រេង​ច្រើន ដែលអាចបង្ក​ការបំផ្លិចបំផ្លាញ​ច្រើនជាងធម្មតា។ យន្តហោះ​ទាំងបួនរួមមាន៖

• យន្តហោះ American Airlines Flinght 11 ប្រភេទអ៊ីង៧៦៧ មានសហសេវិក១១នាក់ រួមជាមួយអ្នកដំណើរ៧៦នាក់ និងចោរប្លន់៥នាក់ បានចាកចេញពីអាកាសយាន្តដ្ឋាន Logan នៅវេលាម៉ោង៧ និង៥៩នាទី ក្នុងគោលដៅទៅកាន់រដ្ឋ Lost Angeles តែក្រុមចោរបានបើកយន្តហោះ ទៅបុកអគារពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុង ញ៉ូវយកនៅវេលាម៉ោង៨ និង៤៦នាទីព្រឹក។
• យន្តហោះ United Airlines Flinght 175 ប្រភេទបូអ៊ីង៧៦៧ មានសហសេវិក៩នាក់ អ្នកដំណើរ៥១នាក់ និងចោរប្លន់៥នាក់ បានចាកចេញពីអាកាសយាន្តដ្ឋាន Logan នៅវេលាម៉ោង៨ និង១៤នាទី ក្នុងគោលដៅទៅកាន់រដ្ឋ Lost Angelesដូចគ្នា។ ក្រុមភេរវករបានបើកយន្តហោះទៅបុកអគារពាណិជ្ជកម្មមួយទៀតដែលនៅទិសខាងត្បូង នៅវេលាម៉ោង៩ និង០៣នាទី។
• យន្តហោះទីបី American Airlines Flight 77 ប្រភេទបូអ៊ីង៧៥៧ ចាកចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ Washington Dulles នៅវេលាម៉ោង៨ និង២០នាទីក្នុងគោលដៅទៅកាន់រដ្ឋLos Angeles ជាមួយនឹងសហសេវិក៦នាក់ និងអ្នកដំណើរ៥៣នាក់ ចោរប្រាំនាក់ បានបើកយន្តហោះទៅបុកមន្ទីរបច្ចុកោណ ក្នុងរដ្ឋ Viginia នៅវេលាម៉ោង៩ និង៣៧នាទីព្រឹក។
• យន្តហោះទីបួន United Airlines Flight 93 ប្រភេទ៧៥៧ បានចាកចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ Newark នៅវេលាម៉ោង៨និង៤២ព្រឹក ក្នុងគោលដៅទៅកាន់រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ជាមួយនឹងសហសេវិក៧នាក់ អ្នកដំណើរ៣៣នាក់ និងចោរ៤នាក់។ ដោយសារអ្នកដំណើរបានដឹងពីបញ្ហានេះជាមុន ពួកគេប្រឈមមុខគ្នាជាមួយភេរវករ ធ្វើឲ្យយន្តហោះមិនបានបុកអគារណាមួយឡើយ តែបែរជាធ្លាក់ទៅកាន់ទីវាលក្នុងរដ្ឋ Pennsylvania នៅវេលាម៉ោង១០ និង០៣នាទីព្រឹក។

អគារភ្លោះខាងជើងបានដួលនៅវេលាម៉ោង ៩៖៥៩នាទីព្រឹក បន្ទាប់ពី​ឆាបឆេះ​ក្នុងរយៈពេល ៥៦នាទី ដោយសារអណ្តាត​ភ្លើងបណ្តាល មកពីការ​ផ្ទុះប្រេង​របស់​យន្តហោះ។ ចំណែកអគារភ្លោះខាងត្បូង បានដួលនៅវេលាម៉ោង ១០៖២៨នាទីព្រឹក បន្ទាប់ពីការឆាបឆេះក្នុងរយៈពេល ១០២នាទី។

តាមការសន្និដ្ឋានបានឲ្យដឹងថា ក្រុមភេរវករ​នៅយន្តហោះទីបួនទំនងមានគោលដៅ​ បើកយន្តហោះបុកអគារ Capitol ឬសេតវិមានរបស់​សហរដ្ឋអាមេរិក។ តាមរយៈឧបករណ៍​ថតសម្លេង Cockpit Voice recorder បានបង្ហាញថា ក្រុមសហសេវិក និងអ្នកដំណើរ​ព្យាយាមដណ្តើម​កាន់ចង្កូតយន្តហោះ​ពីក្រុមចោរ បន្ទាប់ពី​ទទួលដំណឹងថា យន្តហោះបីគ្រឿង​ត្រូវបានបើកបុក​អគារសំខាន់ៗ។ ហេតុនេះចោរក៏សម្រេចបើកបុកទីវាលតែម្តង។
នៅមុនពេលយន្តហោះផ្ទុះ អ្នកដំណើរ និងសហសេវិក បានប្រើប្រាស់ទូរសព្ទក្នុងបន្ទប់បើកបរយន្តហោះ ឬទូរសព្ទផ្ទាល់ខ្លួនដោយរាយការណ៍ថា ក្រុមចោរប្លន់បីបួននាក់ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ឬស្ប្រាយ៍ ដើម្បីទប់ទល់នឹងអ្នកបម្រើលើយន្តហោះ។ ពួកភេរវករបានចាក់ និងសម្លាប់អ្នកបើកបរ អ្នកបម្រើលើយន្តហោះ ឬអ្នកដំណើរមួយចំនួន។

តាមការស្រាវជ្រាវបានរកឃើញថា ពួកចោរធ្លាប់បានទិញឧបករណ៍មួយចំនួន និងកាំបិតប្រភេទម្យ៉ាងដែលកាលនោះមិនត្រូវបានហាមឃាត់សម្រាប់ការធ្វើដំណើរតាមយន្តហោះឡើយ។ ជាមួយគ្នានេះដែរ អ្នកដំណើរ និងអ្នកបម្រើលើយន្តហោះបានលើកឡើងថា ចោរមានប្រដាប់ដោយគ្រាប់បែក យ៉ាងនេះក្តីអ្នកដំណើរម្នាក់បែរជាលើកឡើងថា គ្រាប់បែកនោះក្លែងក្លាយទៅវិញ។ ចំណែកក្រុម FBI ក៏ពុំបានរកឃើញសារធាតុផ្ទុះ ណាមួយនៅទីតាំងបុកយន្តហោះឡើយ។ ទើបមានការសន្និដ្ឋានថា គ្រាប់បែកនោះពិតជាក្លែងក្លាយពិតមែន។ គ្រប់បណ្តាញសារព័ត៌មាន បានធ្វើការផ្សព្វផ្សាយ បន្ទាប់ពីហេតុការណ៍វាយប្រហារទីមួយបានកើតឡើង។

* ចំនួនអ្នកស្លាប់ និងផលខូចខាត៖ ខាងក្រោមនេះ​ជារបាយការណ៍​អំពីអ្នកស្លាប់​ នៅក្នុងទីតាំង​រងគ្រោះ​ទាំងអស់៖

• អគារពាណិជ្ជកម្មនៅទីក្រុងញ៉ូវយក៖ យន្តហោះAmerican11 មានមនុស្ស ៨៧នាក់ ភេរវករ៥នាក់ ចំណែកយន្តហោះ United175 មានមនុស្ស៦០នាក់ ភេរវករ៥នាក់ រួមទាំងអ្នកនៅលើអគារភ្លោះ ទាំងពីរមានចំនួន២.៦០៦នាក់។
• បញ្ជីរបញ្ចកោណនៅទីក្រុងArlington ៖ យន្តហោះ American77 មានមនុស្ស៥៩នាក់ ភេរវករ៥នាក់ រួមទាំងមនុស្សនៅក្នុងមន្ទីរបញ្ចកោណ១២៥នាក់។
• ទីវាលនៅ Shanksville: យន្តហោះ United 93 មានមនុស្ស៤០នាក់ និងភេរវករ៤នាក់

សរុបជារួម ក្នុងហេតុការណ៍នេះមានមនុស្សស្លាប់ប្រមាណ២.៩៩៦នាក់ និងជាង៦០០០នាក់ផ្សេងទៀតរងរបួស។ កុមារប្រមាណជាង៣០០០នាក់ បាត់បង់ឪពុកម្តាយរបស់ខ្លួន។ រហូតមកដល់ឆ្នាំ២០០៦កន្លងទៅនេះ បំណែកឆ្អឹងមនុស្សជាងច្រើនទៀតនៅតែត្រូវបានរកឃើញបន្ត ដែលធ្វើឲ្យយើងមិនអាចសន្និដ្ឋានពីចំនួនអ្នកស្លាប់បានពិតប្រាកដបានឡើយ។

មិនត្រឹមតែបាត់បង់ជីវិតមនុស្សប៉ុណ្ណោះទេ ព្រឹត្តិការណ៍១១កញ្ញា ២០០១នេះ បានឲ្យសហរដ្ឋអាមេរិកខាតទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ ដោយសារការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះ។

ការវាយប្រហារនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចនៃតំបន់Lower Manhattan ដែលជាផ្នែកមួយនៃទីក្រុង​ញ៉ូយក ក៏ដូចជាបង្កផល​ប៉ះពាល់ជាខ្លាំង​ទៅលើទីផ្សារ​ពិភពលោក ជាក់ស្តែងដូចជា ទីផ្សារភាគហ៊ុន Wall Street ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិក និងកាណាដា​ជាដើមត្រូវបិទដំណើរការ​មួយរយៈជាដើម។ ស្ថាប័ន និងគម្រោង ការងារជាច្រើន​ត្រូវបានបិទទ្វារ និងលុបចោល ចំណែកប្រជាពលរដ្ឋ​មួយចំនួនបាន​ផ្លាស់ទី រងផលប៉ះពាល់សុខភាព​ដោយសារ​កំទិចផេះ ប៉ះពាល់ដល់​សតិអារម្មណ៍​ដោយបារម្ភ ខ្លាចមានការវាយប្រហារ​សារជាថ្មី។

ការបោសសម្អាតអគារភ្លោះបានចប់សព្វគ្រប់នៅខែឧសភា២០០២ ដោយឡែកមន្ទីរបច្ចកោណបានជួសជុលរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ការសារសង់​អគារពាណិជ្ជកម្ម​ពិភពលោក បានចាប់ផ្តើមជាថ្មី​នៅទីតាំង​ដដែល ហើយបើកដំណើរការជាផ្លូវការ​នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ។ សំណង់ស្ថាប័ត្រ​កម្មជាច្រើន ត្រូវបានកសាងឡើង​ដើម្បីរំលឹកដល់ព្រឹត្តិការណ៍​សោកនាកម្មនេះ ជាក់ស្តែង​ដូចជា​សារមន្ទីរជាតិ National September 11 Memorial & Museum នៅទីក្រុងញ៉ូយក, អគារ Pentagon Memorial ក្នុងទីក្រុង Arlington, ក៏ដូចជាសំណង់ Flight 93 National Memorialនៅទីវាលក្បែរ Shanksville ជាដើម។

* កត្តាអ្វីជម្រុញឲ្យការវាយប្រហារកើតឡើង, មូលហេតុដែលជម្រុញឲ្យលោក ប៊ិនឡាដិន មេដឹកនាំភេរវករអាល់កៃដាលំដាប់ពិភពលោក អូសទាញមនុស្សឲ្យរៀបចំគម្រោងវាយប្រហារដោយសារកត្តាជាច្រើន ដែលកត្តាទាំងនោះត្រូវបានក្រុមស៊ើបអង្កេតរកឃើញក្នុងសេចក្តីប្រកាសដែលចុះហត្ថលេខាយល់ព្រមដោយលោកផ្ទាល់ ដែលក្នុងនោះមានដូចជា៖

• សហរដ្ឋអាមេរិកគាំទ្រប្រទេស អ៊ីស្រាអ៊ែលដែលជាគូសត្រូវសួរពូជរបស់ពួកម៉ូស្លីម
• សហរដ្ឋអាមេរិកគាំទ្រការវាយប្រហារប្រឆាំងពួកម៉ូស្លីមនៅប្រទេស សូម៉ាលី
• រដ្ឋាភិបាលគាំទ្រសហរដ្ឋអាមេរិកសម្តែងឥរិយាបទប្រឆាំងផលប្រយោជន៍ពួកម៉ូស្លីម
• ការគាំទ្រឥណ្ឌាដែលធ្វើការគៀបសង្កត់ពួកម៉ូស្លីម ក្នុងតំបន់កាស្មៀ
• វត្តមានយោធាសហរដ្ឋអាម៉េរិកក្នុងប្រទេស អារ៉ាប៊ីសាអូឌីត
• ការដាក់ទណ្ឌកម្មទៅលើប្រទេស អ៊ីរ៉ាក់

តាមកាវិភាគមួយបានលើកឡើងថា ប្រសិនបើគ្មានវត្ថមានយោធាអាមេរិកនៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសកំណើតរបស់លោក អូសាម៉ាប៊ីនឡាដិនទេនោះ លោកក៏មិនអាចអូសទាញមនុស្ស ឲ្យពលីជីវិតដើម្បីធ្វើ​ប្រតិបត្តិការសម្លាប់​មនុស្សច្រើនបែបនេះឡើយ។

* ប្រតិកម្ម និងវិធានការ៖ ដំបូងឡើយ​មេដឹកនាំក្រុម​អាល់កៃដា​លោក អូសាម៉ា ប៊ិនឡាដិន ប្រកាសថា​មិនពាក់ព័ន្ធនឹងការវាយប្រហារនេះ​ឡើយ ប៉ុន្តែក្រោយមកក្នុងឆ្នាំ២០០៤ លោកបាន​សារភាពថា ពិតជាបានរៀបចំ​គម្រោងវាយប្រហារ​នេះពិតមែន។ បើទោះបីជាខំរត់គេច​ពីការចាប់ខ្លួន អស់រយៈពេលជិតមួយ​ទសវត្សរ៍ក្តី តែទីបំផុតមេដឹកនាំ​ភេវរករកំពូល​លំដាប់ពិភពលោក​រូបនេះ ត្រូវបានចាប់ខ្លួន និងសម្លាប់ដោយ​សមាជិកយោធាសហរដ្ឋអាមេរិក​ កាលពីខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ។

អង្គការរបស់ជនជាតិម៉ូស្លីម​នៅសហរដ្ឋអាមេរិក បានធ្វើការថ្កោលទោស​យ៉ាងខ្លាំងទៅលើការវាយប្រហារនេះ ព្រមទាំងអំពាវនាវដល់​ប្រជាពលរដ្ឋអាមេរិក​ឥស្លាម ប្រើប្រាស់​ជំនាញ និងធនធានរបស់​ខ្លួន ដើម្បី​ជួយដល់ជនរងគ្រោះ និងក្រុមគ្រួសារ​តាមរយៈប្រាក់​ឧបត្ថម្ភ ផ្តល់ឈាម ថ្នាំពេទ្យ អាហារ និងជម្រកស្នាក់​នៅសម្រាប់​ជនរងគ្រោះ។ ការវាយប្រហារ​នេះក៏ត្រូវបាន​បដិសេធ និងថ្កោលទោស​យ៉ាងខ្លាំង ពីសំណាក់បណ្តាញ​សារព័ត៌មាន និងរដ្ឋាភិបាល​ទូទាំង​ពិភពលោក។

សហរដ្ឋអាមេរិក​បានសងសឹកការ​វាយប្រហារនេះ តាមរយៈការប្រកាស​សង្គ្រាមជាមួយក្រុម​ភេវរករ ដោយការដាក់​ពង្រាយទ័ពនៅ​តាមបណ្តាប្រទេស​មួយចំនួន ដែលជាជម្រករបស់​ពួកអាល់កៃដា ព្រមទាំងបើកការ​វាយប្រហារប្រទេស​អាហ្គានីស្ថាន ដើម្បីបោសសម្អាត​ក្រុមតាលីបង់ ដែលនៅពីក្រោយ​ពួកអាល់កៃដា។ ជាមួយគ្នា​នេះដែរ បណ្តារប្រទេសជា​ច្រើនលើពិភពលោក បានរួមគ្នាពង្រឹង​វិធានការណ៍ ការបង្កើតច្បាប់ និងភ្នាក់ងារស៊ើប​អង្កេតយ៉ាងដិតដល់ ក្នុងគោលដៅ​បង្ការកុំឲ្យសោកនាដកម្ម​ដ៏ធ្ងន់ធ្ងរបណ្តាល​មកពីសកម្មភាព​ភេរវកម្ម​ កើតឡើងជាថ្មីម្តង​ទៀត៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា