(អេក្វាឌ័រ)៖ គ្រោះរញ្ជួយដី​​ដ៏កក្រើកកម្រិត ៦.៣រ៉ិចទ័រ បាន​វាយប្រហារ​ភាគកណ្តាលប្រទេសអេក្វាឌ័រ ប៉ុន្តែភ្លាមៗ​ពុំទាន់មានសេចក្តីរាយការណ៍​ពី​​ការបំផ្លិចបំផ្លាញ និងមនុស្សរងគ្រោះ ដោយសារហេតុការណ៍នេះនៅឡើយទេ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅព្រឹក​ថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្រ្ត​អាមេរិក USGS បានឲ្យដឹងថា រញ្ជួយដី​ខាងលើបានវាយប្រហារ​នៅចម្ងាយ​ ៩៤គីឡូម៉ែត្រ​ នៃភាគ​ខាងត្បូង​​​ទីក្រុង អាំបាតូ (Ambato) នៅជម្រៅ​ដល់ទៅ​ ១១២​គីឡូម៉ែត្រឯណោះ។ ដោយឡែក ហេតុការណ៍​ដ៏កក្រើកនេះ បានបង្កឲ្យមាន​ការ​ភ្ញាក់​ផ្អើល​រហូតដល់​​រដ្ឋធានី​គ្វីតូ (Quito) និងក្រុង​ហ្គាយ៉ាឃ្វីល (Guayaquil) ថែមទៀតផង។

គួររំលឹកថា កាលពីឆ្នាំ២០១៦ គ្រោះរញ្ជួយដីកម្រិត​ធ្ងន់​ ៧.៨រ៉ិចទ័រ បាន​វាយប្រហារឆ្នេរ​ប៉ាស៊ីហ្វិក នៃប្រជាជាតិអាមេរិកខាងត្បូង​មួយនេះ ដែលបាន​ផ្តាច់​ជីវិត​មនុស្សជាង ៦៥០នាក់៕