(ហាណូយ)៖ គ្រោះទឹកជំនន់និងបំណាក់ដី ដែលបង្កឡើងពីការធ្លាក់ភ្លៀងខ្លាំង នៅតាមតំបន់ភាគកណ្តាលនិងភាគខាងជើង ​ប្រទេស​វៀតណាម នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានសម្លាប់ជីវិតមនុស្ស​សរុបដល់១៣នាក់ និងបណ្តាលឲ្យ​០៣នាក់បាត់ខ្លួន។ នេះបើតាម​ការបញ្ជាក់ពី​អាជ្ញាធរទប់ស្កាត់និងគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀលថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ គ្រោះធម្មជាតិទឹកជំនន់ បានឆក់យកជីវិតមនុស្ស០៩នាក់ និងធ្វើឲ្យបាត់ខ្លួន០៣នាក់ នៅខេត្តភាគកណ្តាល ថាញ់ហូ (Thanh Hoa) ខណៈខេត្តចំនួនបួនទៀត គឺហូបិញ (Hoa Binh) យិនបៃ (Yen Bai) សុនឡា (Son La) និង ឡាងសុន (Lang Son) ដែលនៅប៉ែកខាងជើង សុទ្ធតែមានមនុស្សស្លាប់ម្នាក់។

ក្រៅពីនេះ ទឹកជំនន់និងបំណាក់ដី ក៏បានបំផ្លិចបំផ្លាញលំនៅឋាន​ចំនួន៣៦៤ខ្នង ធ្វើឲ្យខូចខាតដីស្រែ-ចម្ការ​​ជាង៦,៥២៣ហិកតា ​សម្លាប់​សត្វគោ-ក្របី​៥១២ក្បាល និងបក្សីចិញ្ចឹម​៥៦,៣៦៧ក្បាល ព្រមទាំងប៉ះពាល់ដល់ផ្ទៃបឹងវារីវប្បកម្មទំហំ​៩៦៣ហិកតា និងទំនប់​ទឹកប្រវែង​៦២០ម៉ែត្រ រួមជាមួយប្រឡាយ​ប្រមាណ៦,១៧៤ម៉ែត្រ។

គួរជម្រាបថា គិតចាប់តាំងពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០១៨នេះ គ្រោះធម្មជាតិ ដែលភាគច្រើន​ក្នុងទម្រង់ជា​ព្យុះទីហ្វុង ទឺកជំនន់ និងបំណាក់ដី បានសម្លាប់ឬធ្វើឲ្យបាត់ខ្លួនមនុស្ស​១៥៣នាក់ និងបង្កឲ្យរបួស១១៩នាក់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ​​សាធារណៈ​គិត​ជា​ទឹកប្រាក់​ជាង៣០៤លានដុល្លារ៕​​