(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអះអាងថា ជំនួយហិរញ្ញវត្ថុរបស់ចិនសម្រាប់បណ្ដាប្រទេសអាហ្រ្វិក «មិនមែន ជាអន្ទាក់បំណុល» នោះទេ ហើយថាក្រុមហ៊ុនចិន ក៏បានគោរពប្រជាជននៅក្នុងតំបន់ និងបរិស្ថានផងដែរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងវេទិកាសេដ្ឋកិច្ចមួយនៅថ្ងៃចន្ទនេះ មុននឹងចាប់ផ្ដើមកិច្ចប្រជុំកំពូលជាមួយ បណ្ដាថ្នាក់ដឹកនាំមកពីតំបន់អាហ្រ្វិក។ ថ្លែងនាឱកាសនោះ លោក ស៊ី បានលើកឡើងដូច្នេះថា៖ «ជំនួយហិរញ្ញវត្ថុរបស់ចិនសម្រាប់ បណ្ដាប្រទេសអាហ្រ្វិក «មិនមែនជាអន្ទាក់បំណុល» នោះទេ ហើយចិនក៏មិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អាហ្វ្រិក តាមរយៈប្រើប្រាស់ជំនួយដើម្បីបង្ខំឱ្យអាហ្រិ្វកធ្វើអ្វីតាមទីក្រុងប៉េកាំងនោះដែរ។ ប៉ុន្តែ អ្វីដែលយើងកំពុងធ្វើ នោះគឺការចែករំលែក បទពិសោធនៃការអភិវឌ្ឍ​ និងផ្ដល់ការគំាទ្រដែលយើងអាចធ្វើបានដើម្បីឱ្យប្រជាជាតិអាហ្រ្វិកមានការរីកចំរើន និងរុងរឿង»

គួរបញ្ជាក់ថា ចិនធ្លាប់បានបដិសេធជាច្រើនដងរួចមកហើយថា ជំនួយហិរញ្ញវត្ថុរបស់ខ្លួនមិនមែនជាអន្ទាក់បំណុលនោះទេ ដូចដែល សហរដ្ឋអាមេរិកចោទប្រកាន់នោះទេ។ ចំណែកឯ លោក ស៊ី ជិនពីង ត្រូវបានគេរំពឹងដែរថានឹងប្រើប្រាស់កិច្ចប្រជុំកំពូលជាមួយ បណ្ដាថ្នាក់ដឹកនាំអាហ្វ្រិក ដើម្បីផ្ដល់ជំនួយហិរញ្ញវត្ថុបន្ថែម បន្ទាប់ពីបានសន្យាផ្ដល់ជំនួយ ៦០ពាន់លានដុល្លារកាលពីជាងបីឆ្នាំមុន៕