(តូក្យូ)៖ ក្រុមហ៊ុនប្រេង​ជប៉ុនធំៗ​ត្រូវគេរាយការណ៍​ថា កំពុងត្រៀម​រៀបចំផ្អាករាល់ការ​នាំចូលប្រេង​​​ឆៅ​ពី​ប្រទេសអ៊ីរ៉ង់​នៅ​ខែតុលា​​ខាង​មុខ ដោយសារតែ​ការភ័យខ្លាច​ការព្រមានរបស់​ទីក្រុង​វ៉ាស៊ីនតោន ដែលថា​នឹងដាក់ទណ្ឌកម្មលើប្រទេស​ទាំងឡាយណា ដែល​ហ៊ាន​បន្ត​​នាំ​ចូល​ប្រេងឆៅ​របស់​អ៊ីរ៉ង់​​។​ នេះបើតាមការដក​ស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋាភិបាលទីក្រុងតូក្យូត្រូវគេរាយការណ៍​ទៀតថា បាននិងកំពុងស្វែងរក​ការលើកលែង​ពី​ទីក្រុងវ៉ាស៊ីនតោន ដែលនឹងអនុញ្ញាតឲ្យខ្លួន​​បន្តធ្វើការនាំចូលប្រេងពីអ៊ីរ៉ង់ ប៉ុន្តែខណៈពេលនេះ​ហាក់ដូចជាពុំទទួលបាន​ផលអ្វីឡើយ។ ទន្ទឹមនឹងនេះ ​ក្រុមហ៊ុនប្រេង​ធំៗ​នៅ​ជប៉ុន ​​​ទំនងជាកំពុង​រិះរក​មធ្យោបាយ ដើម្បីបង្កើនការ​នាំចូល​ប្រេង​ពីកន្លែងផ្សេង​ជំនួសអ៊ីរ៉ង់វិញ។

គួរជម្រាបថា កាលពីខែឧសភា រដ្ឋបាលអាមេរិក​បានសម្រេច​ដកខ្លួនចេញពី កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរអ៊ីរ៉ង់​​ឆ្នាំ២០១៥ ដែលធ្លាប់បានបន្ធូរ​បន្ថយ​ទណ្ឌកម្មទៅលើ​សាធារណរដ្ឋ​អ៊ីស្លាមនេះ ហើយ​ទីក្រុងវ៉ាស៊ីនតោន​បានបញ្ជាក់ថា ទណ្ឌកម្មលើ​ពាណិជ្ជកម្មប្រេង​នឹងវិលត្រឡប់មកវិញ​ នៅដើមខែវិច្ឆិកា និងបានទទូចឲ្យ​ក្រុមហ៊ុនបរទេស​នានា បញ្ឈប់ប្រតិបត្តិការនៅ​អ៊ីរ៉ង់ជាបន្ទាន់​បើមិនចង់រង​ទណ្ឌកម្ម៕