(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេស​បារាំង​លោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) បានទទួលស្គាល់ថា ប្រធានាធិបតីស៊ីរី​លោក បាស្សា អាល់ អាសាដ ពិតជាបាន​ទទួលជ័យជម្នះនៅ​ក្នុងសង្រ្គាមស៊ីវិល ដែលបានផ្ទុះ​ឡើងកាលពី​ឆ្នាំ២០១១ យ៉ាងពិត​ប្រាកដ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

ប៉ុន្តែទន្ទឹមគ្នា​នឹងការអះអាង​នេះ លោកប្រមុខ​ការទូតបារាំង ក៏បានសង្កត់ធ្ងន់ផងដែរថា លោក អាសាដ នឹងមានស្វែងរក​សន្តិភាព​ជូនប្រជាជន និងប្រទេសស៊ីរី​បានឡើយ បើសិនជា​គ្មានដំណោះស្រាយ​នយោបាយ ក្រោមការជួយជ្រោមជ្រែង​របស់​សហគមន៍​អន្តរជាតិ​ទេនោះ។

លោក Le Drian បានគូសបញ្ជាក់នៅក្នុង​បទសម្ភាសន៍ជាមួយវិទ្យុ​បារាំង ហ្វ្រង់អាំងទែរ (France-Inter) កាលពី​ថ្ងៃអាទិត្យ (ម៉ោង​នៅប៉ារីស) ដូច្នេះថា «យើងត្រូវតែ​ទទួលស្គាល់ថា មេដឹកនាំស៊ីរី​ពិតជាបាន​ទទួលជ័យជម្នះ​នៅក្នុងសង្រ្គាម ប្រាកដមែន... ប៉ុន្តែសន្តិភាពនឹងមិន​អាចកើតមាន​ឡើយ បើគ្មានដំណោះ​ស្រាយនយោបាយ ក្រោមជំនួយរបស់សហគមន៍​អន្តរជាតិ»

គួរបញ្ជាក់ថា នៅក្នុងបទ​សម្ភាសន៍នោះ លោក Le Drian ក៏បានព្រមាន​ទុកជាមុន​ផងដែរ​ថា បារាំង​រួមទាំងបណ្ដា​ប្រទេសលោក ខាងលិចនឹង​មិនឈរឱបដៃ​មើលឡើយ បើសិនជាទីក្រុង​ដាម៉ាស់ ប្រើប្រាស់អាវុធ​គីមីប្រឆាំងនឹងជនស៊ីវិល ខណៈការវាយប្រយុទ្ធ​នៅ​ក្នុងខេត្ត Idlib អាចនឹងផ្ទុះ​ឡើង​ជាថ្មីក្រោយ​រដ្ឋាភិបាលស៊ីរីបង្ហាញការប្ដេជា្ញចិត្តថា នឹងវាយដណ្ដើម​យកខេត្តមួយនេះ ​ពីពួកភេរវករ​មកវិញ​ឱ្យបាន៕