(អឺរ៉ុប)៖ អ្នកជំនាញ​ថតរូប​ឈ្មោះ មីហ្គែល ក្លារ៉ូ (Miguel Claro) បានបញ្ចេញរូបភាព​គួរឲ្យចាប់អារម្មណ៍​មួយ បង្ហាញ​ពីទិដ្ឋភាពនៅក្បែរ​តំបន់​ប៉ូលខាង​ត្បូងនៃ​ព្រះច័ន្ទ ហើយក្នុងចំណោម​រណ្តៅអាចម៍ផ្កាយ​​ជាច្រើន នៅក្នុងរូបភាព​នោះ គឺមានរណ្តៅ​អាចម៍ផ្កាយមួយ មើលទៅលេច​ធ្លោ​ជាងគេ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​វែបសាយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

​រណ្តៅខាងលើ​ហៅថា The Great Moretus Crater ដែលមានមុខ​កាត់ប្រវែងប្រមាណ ១១៤គីឡូម៉ែត្រ គឺមានទំហំស្ទើរ​តែស្មើនឹង​កោះធំ Big Island របស់​រដ្ឋហាវ៉ៃ នៃសហរដ្ឋអាមេរិក ហើយអ្វីដែលពិសេស​ទៀតនោះ​ គឺមានកំពូលខ្ពស់​មួយនៅចំ​កណ្តាល ដែលមាន​​កម្ពស់​​​ ២.១គីឡូម៉ែត្រ។

គួរជម្រាបថា ដោយសារតែវា​ស្ថិតនៅក្បែរ​តំបន់គែម (Lunar Limb) ​នៃផ្ទៃព្រះច័ន្ទ​ដែលបែរមករកផែនដី រណ្តៅដែលមានរាង​ពិតជា​រង្វង់​នេះ បែរមើលទៅហាក់​ដូចជា​រាងពងក្រពើ​ទៅវិញ។ ឈ្មោះរបស់រណ្តៅ​អាចម៍ផ្កាយយក្សនេះ ត្រូវបានគេដាក់​ឈ្មោះតាម​អ្នកប្រាជ្ញ​​ផ្នែក​គណិតវិទ្យា​ កាលពីសតវត្សរ៍​ទី១៧ ឈ្មោះ Theodorus Moretus៕