(ន័រវេស)៖ ប៉ូលិស​ន័រវេសបានឱ្យដឹងថា ពួកគេកំពុងបើកការ​ស៊ើបអង្កេត​លើករណី​បាត់ខ្លួន​ដោយអាថ៌កំបាំង​របស់​សហស្ថាបនិក​គេហទំព័រ WikiLeaks លោក អាជែន កាំភីស (Arjen Kamphuis)។ លោក Kamphuis ដែលជាអ្នកជំនាញ​ផ្នែកសន្តិសុខព័ត៌មាន​វិទ្យាម្នាក់ ហើយ​លោកត្រូវបាន​គេឃើញលើកចុងក្រោយ​កាលពី​ខែសីហា កន្លងទៅនៅ​ភាគខាងជើង​ប្រទេស​ន័រវេស។ នេះបើតាមការ​ចេញផ្សាយ ដោយសារ​ព័ត៌មាន Japan Times នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​ប៉ូលិសជាតិ​ន័រវេស លោក ថមមី ប៊ិច (Tommy Bech) បាន​ប្រាប់​អ្នក​សារព័ត៌មានកាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) យ៉ាងដូច្នេះថា «យើងបាន​ចាប់ផ្ដើមការស៊ើប​អង្កេតមួយ ជុំវិញការបាត់​ខ្លួនរបស់​លោក Arjen Kamphuis ហើយយើង​មិនទាន់អាច​និយាយបានឡើយថា ពលរដ្ឋន័រវេស​រូបនេះកំពុងស្ថិតនៅ​កន្លែងណា ឬមានរឿងអ្វី​កើតឡើង​ចំពោះគាត់»

គួរជម្រាបថា គេហទំព័រ WikiLeaks កាលពីថ្ងៃសៅរ៍​បានអះអាងថា លោក Kamphuis បានបាត់ខ្លួនដោយ​អាថ៌កបាំង បន្ទាប់ពី​លោកត្រូវបានគេឃើញ​លើកចុងក្រោយ កាលពីថ្ងៃទី២០ ខែសីហា​កន្លងទៅ នៅពេលចាកចេញ​ពីសណ្ឋាគារ បូដូ (Bodo) ស្ថិតនៅ​ភាគខាងជើង​ប្រទេសន័រវេស។

ក៏ប៉ុន្តែ​អ្វីដែលគេដឹងគឺថា ការបាត់ខ្លួន​សហស្ថាបនិករូបនេះ កើតឡើង​នៅ​ចំពេលមាន​ពាក្យចចាមអារ៉ាម​ជាច្រើនថា ស្ថាបនិក WikiLeaks លោក ជូលៀន អាស្សាង (Julian Assange) អាចនឹងត្រូវគេបណ្ដេញចេញ​ពីស្ថានទូតអេក្វាឌ័រ ប្រចាំទី​ក្រុងឡុងដ៍ នៃប្រទេស​អង់គ្លេស។ លោក Assange បានរស់នៅជ្រកកោន​ក្នុងស្ថានទូតអេក្វាឌ័រ តាមតាំងតែ​ពីឆ្នាំ២០១២ មកម្ល៉េះ ដើម្បីគេចចេញ​ពីការតាមចាប់ ឬក៏​ធ្វើបត្យាប័នទៅកាន់​សហរដ្ឋអាមេរិក ដែលកំពុង​តាមចាប់​រូបលោក ទាក់ទិននឹងការ​បង្ហោះឯកសារសំងាត់​ការទូត និងយោធា អាមេរិក​ជាច្រើនកាលពី​ឆ្នាំ២០១០៕