(ទ្រីប៉ូលី)៖ ទណ្ឌិតប្រមាណ៤០០នាក់ នៅពន្ធនាគារ Ain Zara ក្នុងរដ្ឋធានីទ្រីប៉ូលី នៃប្រទេសលីប៊ី បានហែកគុករត់គេចខ្លួនបាត់ ខណៈ​ដែល​ការប្រយុទ្ធគ្នារវាង​កងកម្លាំងរដ្ឋាភិបាល និង​ក្រុមសកម្មប្រយុទ្ធ កាន់តែមានភាពតានតឹងឡើង។ នេះបើតាមការឲ្យដឹងពីក្រសួង​យុត្តិធម៌លីប៊ី ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌លីប៊ី ​នៅពេល​ក្រុមអ្នកទោសទាំង៤០០នាក់ បានព្យាយាមរត់ចេញពីពន្ធនាគារ កម្លាំង​សន្តិ​សុខ​នៃ​មន្ទីរឃុំឃាំងខាងលើ បានបង្ខំចិត្តអនុញ្ញាតឲ្យ​ពួកគេចេញតាមសម្រួល ដើម្បីបញ្ចៀសការបាត់បង់ជីវិតមនុស្ស ប៉ុន្តែប្រតិ​បត្តិ​ការតាមស្វែងរកនិងចាប់ខ្លួន​​​អ្នកទោសមកវិញ ក៏កំពុងប្រព្រឹត្តទៅផងដែរ។

គួរជម្រាបថា ពន្ធនាគារ Ain Zara ស្ថិតនៅភាគខាងត្បូងទីក្រុងទ្រីប៉ូលី ដែលបាននិងកំពុង​បន្តកើតមាននូវអំពើហិង្សាប៉ះទង្គិចគ្នា​​ដ៏ក្តៅ​គគុកចាប់តាំងតែពី ដើមសប្តាហ៍មុនមក រវាង​កងទ័ពរដ្ឋាភិបាលលីប៊ី និង​ក្រុមសកម្មប្រយុទ្ធ Seventh Brigade ដែលមកពីទីក្រុង Tarhuna នៅក្បែររដ្ឋធានីលីប៊ី ពោលគឺនៅចម្ងាយប្រហែល៨០គីឡូម៉ែត្រភាគឦសានក្រុងទី្រប៉ូលី ហើយ​ហេតុ​ការណ៍​ប្រយុទ្ធគ្នា​ទាំង​នេះ បានសម្លាប់ជីវិតមនុស្សសរុប៤១នាក់ និងបង្កឲ្យរបួស១២៣នាក់៕