(ហាណូយ)៖ រដ្ឋាភិបាល​វៀតណាម​បានប្រកាសថា ខ្លួនគាំទ្រគំនិតនៃការរៀបចំ​ការប្រណាំង​រថយន្ដ Formula One (​F1) នៅលើ​ផ្លូវក្នុងទីក្រុង​ហាណូយ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

ជុំវិញការរៀបចំការប្រណាំងរថយន្ដលំដាប់ពិភពលោកនេះដែរ នាយកប្រតិបត្តិ Formula One លោក Chase Carey ធ្លាប់បាន អះអាងកាលពីខែមិថុនា ថាលោកចង់រៀបចំការប្រណាំងមួយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហើយថាគំនិតនេះកំពុងស្ថិតនៅក្រោម ការពិភាក្សាជាមួយអាជ្ញាធរវៀតណាម។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញ​ផ្សាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ប្រធានខុទ្ទកាល័យ​រដ្ឋាភិបាល លោក ម៉ៃ ទានឌុង (Mai Tien Dung) បានទទួលស្គាល់​ថា រដ្ឋាភិបាលវៀតណាម​គំាទ្រលើគំនិតរៀបចំការ​ប្រណាំង​រថយន្ដ Formula One (​F1) នៅលើ​ផ្លូវក្នុងទីក្រុង​ហាណូយ។ លោក Dung បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «គ្រប់ក្រសួង និងទីភ្នាក់ងាររដ្ឋទាំងអស់ សុទ្ធតែគាំទ្រ​គំនិតបង្កើត​ការទាក់ទាញថ្មីមួយ​ សម្រាប់ទីក្រុងហាណូយ»។

ប៉ុន្តែទន្ទឹមគ្នានេះ​លោក​មិនបានបញ្ជាក់ថា ពេលណាកិច្ចព្រមព្រៀង​ចុងក្រោយមួយ ត្រូវបានចុះ​ហត្ថលេខា ឬក៏ថា​ពេលណាទើបការ​ប្រណាំងចាប់ផ្ដើមនោះទេ។ លើសពី​នេះទៅទៀត សូម្បីតែនាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន ហ្សួនហ្វុក (Nguyen Xuan Phuc) ក៏ធ្លាប់បាន​លើកឡើងដែរថា ទីក្រុងហាណូយ មិនគួរចំណាយ​កញ្ចប់ថវិការដ្ឋ​ សម្រាប់កសាងហេរដ្ឋា​រចនាសម្ព័ន្ធ ដើម្បីរៀបចំការ​ប្រណាំរថយន្ដ Formula One នោះទេ តែគួរតែស្វែង​រកការវិនិយោគ​ជំនួសវិញ៕