(ប៊ែរឡាំង)៖ ទីបំផុត​​គម្រោង​តភ្ជាប់បណ្តាញបំពង់​​ផ្គត់ផ្គង់​​ឧស្ម័ន Nord Stream 2 ពី​ប្រទេសរុស្ស៊ី​ទៅកាន់​អាល្លឺម៉ង់ បានចាប់​ផ្តើមដំណើរការសាងសង់​ហើយ​ នៅក្នុងដែនសមុទ្រ​​ប្រទេស​អាល្លឺម៉ង់ បើទោះបីជាសកម្មភាពនេះ​អាចប្រឈមមុខនឹង​បញ្ហាជាមួយសហរដ្ឋអាមេរិក​ក៏ដោយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​​រសៀលថ្ងៃ​សុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

ដំណាក់កាល​ដំបូងនៃដំណើរការសាងសង់​​​បណ្តាញផ្តត់ផ្គង់​ឧស្ម័ន Nord Stream 2 មកកាន់​តំបន់អឺរ៉ុប​ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់​ផ្តើម​​ប្រព្រឹត្តទៅហើយ នៅក្នុងដែនសមុទ្រ​នៃ​ប្រទេសអាល្លឺម៉ង់ ​ទោះបីជាមានការ​គំរាមកំហែង​ដាក់ទណ្ឌកម្ម ពីសំណាក់​សហរដ្ឋអាមេរិក ក៏ដូចជា​ការ​ជំទាស់ពី​ប្រទេសអឺរ៉ុបមួយ​ចំនួនក៏ដោយ។ អាមេរិក​ធ្លាប់បានព្រមានថា គម្រោងនេះនឹង​ធ្វើឲ្យអាល្លឺម៉ង់​ពឹងផ្អែកលើ​រុស្ស៊ី ខណៈទីក្រុង​​ប៊ែរឡាំង​បានបញ្ជាក់តបវិញថា វាគឺជារឿង​ធ្វើពាណិជ្ជកម្ម​រវាងប្រទេស​ពីរសុទ្ធសាធ គឺពុំមាន​បញ្ហា​ឡើយ។

គួរជម្រាបថា គម្រោង Nord Stream 2 មានគោលដៅផ្គត់ផ្គង់​​ឧស្ម័នធម្មជាតិ​រុស្ស៊ី​ចំនួន​៥៥ពាន់លាន​ម៉ែត្រគូប ក្នុងមួយឆ្នាំឆ្លងកាត់​​សមុទ្រ​បាល់ទិចមកកាន់ប្រទេស​​អាល្លឺម៉ង់។ បណ្តាញបំពង់ផ្គត់ផ្គង់​ឧស្ម័ន Nord Stream 2 ដែលជាការពង្រីក​បន្ថែមពីលើ​បណ្តាញ Nord Stream ទីមួយដែល​មានរួចស្រេច នឹងរត់ឆ្លងកាត់​ទឹកដី​របស់រុស្ស៊ី ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់ ហើយត្រូវគេកំណត់​ថា​ នឹងអាចចាប់​ផ្តើមធ្វើប្រតិបត្តិការ​បាននៅចុង​ឆ្នាំ២០១៩៕