(តូក្យូ)៖ ក្រសួងការពារជាតិ​ជប៉ុន បានស្នើសុំបង្កើន​កញ្ចប់យោធាសម្រាប់​ឆ្នាំ២០១៩ សំដៅយកទៅ​អភិវឌ្ឍន៍​ប្រព័ន្ធ​ខែលការពារមីស៊ីល ទុកបាញ់​កម្ទេចមីស៊ីលរបស់​កូរ៉េខាងជើង ដែលទីក្រុងតូក្យូ​នៅតែចាត់ទុកថា​ ជាការគំរាមកំហែង​ដ៏ធំដល់សន្តិសុខជាតិ​របស់​ខ្លួន បើទោះជា​លោក គីម ជុងអ៊ុន សន្យាបោះបង់​ចោលអាវុធនុយក្លេអ៊ែរ​ក៏ដោយ។​ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

ក្រសួង​ការពារជាតិ​ជប៉ុន នៅថ្ងៃសុក្រនេះ​បានស្នើសុំ​កញ្ចប់ថវិកាយោធា​រហូតដល់ ៤៨ពាន់លានដុល្លារ ឬកើនឡើង ២.១ភាគរយ សម្រាប់​ឆ្នាំ២០១៩ ដោយរាប់ចាប់​ផ្ដើមពីថ្ងៃទី០១ ខែមេសាតទៅ។ ម្យ៉ាងវិញ​ទៀត បើសិនជា​កញ្ចប់ថវិកានេះ​ត្រូវបានអនុម័ត​នោះ វាមានន័យថា​ ជាការបង្កើនកញ្ចប់​ថវិកាយោធា ០៧លើក​ជាប់ៗគ្នា ខណៈនាយករដ្ឋ​មន្ត្រីជប៉ុន​លោក ស៊ីនហ្សូ អាបេ កំពុង​ពង្រឹង​សមត្ថភាពយោធា​ជប៉ុន ដើម្បីឆ្លើយតប​ទៅនឹងការគំរាមកំហែង​ ពីមីស៊ីល​កូរ៉េខាងជើង និងការកើន​ឡើងឥទ្ធិពល​យោធាចិន​នៅក្នុង​តំបន់។

គួរបញ្ជាក់ថា ការស្នើសុំបង្កើន​កញ្ចប់ថវិកា​យោធានេះ ធ្វើឡើងនៅ​មុនពេលជំនួបរវាង​លោក ​ដូណាល់ ត្រាំ និងលោក ស៊ីនហ្សូ អាបេ នៅខែកញ្ញា​ខាងមុខនេះនាឱកាស​ចូលរួមក្នុងកិច្ចប្រជុំ​មហាសន្និបាត​ នៃអង្គការសហប្រជាជាតិ​នៅឯទីក្រុង​ញូយ៉ក៕