(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា ​អំពើពុករលួយ និងបទឧក្រិដ្ឋ​កម្មគ្រឿងញៀន បានចាក់ឫសគល់​​យ៉ាងជ្រៅ​នៅហ្វីលីពីន រហូតដល់​ថ្នាក់ប្រទេសអាស៊ាននេះ គួរតែស្ថិតក្រោមការ​ដឹកនាំ​របស់​​បុគ្គលផ្តាច់ការ​វិញល្អជាង ប្រសិន​បើ​​រូប​លោក​មិននៅដឹកនាំប្រទេស​តទៀតទេ​នោះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃ​សុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

លោក ឌូតឺតេ ជាថ្មីម្តងទៀត​បានលើក​ឡើងថា រូបលោកមាន​បំណង​ចង់​ដើរចេញពីតួនាទី​ជាអ្នកដឹកនាំ​ប្រទេស នៅមុនអាណត្តិ​របស់​លោក ដែលនឹងបញ្ចប់​នៅឆ្នាំ២០២២ ប៉ុន្តែលោកមាន​ភាពស្ទាក់ស្ទើរ ក្នុងការផ្ទេរអំណាច​ទៅឲ្យ​​ លោកស្រី ឡេនី រ៉ូប្រេដូ (Leni Robredo) ដែលជា​អនុ​ប្រធានាធិបតី​ពីព្រោះថា លោកស្រី​ត្រូវបានបោះឆ្នោតជ្រើសរើស​ដាច់ដោយ​ឡែក គឺពុំមែនជា​​ដៃគូឈរ​ឈ្មោះជា​មួយលោក​នោះឡើយ។

លោកស្រី Robredo នាពេលកន្លង​មកនេះ តែងបានសម្តែង​ការរិះគន់ចំពោះ​​យុទ្ធនាការបង្រ្កាប​គ្រឿង​របស់លោក​​ប្រធានាធិបតីហ្វីលីពីន​​។ លោក ឌូតឺតេ បានបញ្ជាក់ថា ភាពឥតសណ្តាប់​ធ្នាប់នឹងកើតមានឡើង ប្រសិនបើយុទ្ធនាការ​របស់​លោក​ត្រូវបានផ្អាក ហើយ​ពេល​នោះ​ប្រទេសហ្វីលីពីន គួរតែមានជន​ផ្តាច់ការជាដឹកនាំ គឺប្រសើរ​ជាង។ នាឱកាសនោះ​លោក ឌូតឺតេ បានលើកអតីត​មេដឹកនាំ​លោក ហ្វែរឌីណង់ ម៉ាកូស (Ferdinand Marcos) ជាឧទាហរណ៍ផងដែរ។​

គួរជម្រាបថា ការកោតសរសើរ​​របស់លោក ឌូតឺតេ ចំពោះ​លោក Marcos ត្រូវបានគេ​ចាត់ទុក​ជា រឿងចម្រូង​ចម្រាសមួយ ដោយសារតែ​​​ប្រជាជនហ្វីលីពីន​ជាច្រើននាក់​ នៅតែមិនទាន់អាច​បំភ្លេចបាននៅឡើយទេ ពីសម័យកាល​ខ្មៅងងឹត​រយៈពេល ០២ទសវត្សរ៍ នៃ​ការគ្រប់​គ្រង​​ប្រទេសរបស់​លោក Marcos ដែលបានបញ្ចប់​ទៅ​​ដោយ​បះបោរកាល​ពី​ឆ្នាំ១៩៨៦៕