(សេអ៊ូល)៖ ​ប្រទេស​កូរ៉េខាងត្បូង កំពុង​ត្រៀមចេញបម្រាម​លើការលក់កាហ្វេ នៅតាម​សាលារៀនថ្នាក់​បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ក្រោមគោលបំណងលើកកម្ពស់​​ការរស់នៅ ប្រកបដោយ​សុខភាព​ល្អប្រសើរ​ជាងមុន។ នេះបើតាម​ការដកស្រង់​ការ​​ផ្សាយ​ចេញ​ពី​​ទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

បម្រាមខាងលើ​នឹងចាប់ផ្តើមមានសុពលភាព​ចាប់ពីថ្ងៃទី១៤ ខែកញ្ញា​ខាងមុខតទៀត ហើយនឹង​ត្រូវ​អនុវត្តន៍ទាំងទៅ​លើ​កូនសិស្ស និង​គ្រូបង្រៀន។ នាពេលកន្លងមកនេះ ផលិតផល​ដែលមានកម្រិត​កាឡូរី ឬជាតិកាហ្វេអ៊ីន​ខ្ពស់​ត្រូវបានហាមឃាត់​រួចស្រេចទៅហើយ​​ នៅ​តាមសាលារៀន​នៃប្រទេស​កូរ៉េខាងត្បូង ប៉ុន្តែកាហ្វេ​នៅតែអាចលក់​ដូរជាធម្មតា។

គួរជម្រាបថា បើតាមការបញ្ជាក់​ពីក្រសួងសុវត្ថិភាព​ចំណីអាហារ​​កូរ៉េខាងត្បូង ​ការទទួលទាន​​កាហ្វេច្រើនខ្លាំងពេក អាចធ្វើឲ្យ​ឈឺក្បាល វិលមុខ ចង្វាក់បេះដូង​លូតញាប់ខុស​ពីធម្មតា សម្រាន្តមិនលក់ ឬ​មានអារម្មណ៍​អន្ទះអន្ទែង​ជាដើម ហើយថែម​ទាំងអាចបង្កផលប៉ះពាល់ ​​ធ្ងន់ធ្ងរដល់រូបរាងកាយ និងសុខភាពផ្លូវ​ចិត្តរបស់​កុមារទៀត ប្រសិនបើទទួល​ទានជាប់ជាប្រចាំ។ យោងតាម​ស្ថិតិចុងក្រោយបំផុត ពី​​អង្គការ​​​​កាហ្វេអន្តរជាតិ​បានបង្ហាញថា ​ប្រជាជន​កូរ៉េខាងត្បូង​ម្នាក់ៗ ទទួលទានកាហ្វេ​ប្រមាណ ២.៣គីឡូក្រាម ក្នុងមួយឆ្នាំ គឺជាកម្រិតច្រើន​​ជាង​គេបំផុត ក្នុងចំណោមប្រទេសអាស៊ី​ដទៃទៀត៕