​(វៀងច័ន្ទ)៖ សារព័ត៌មាន Vientiane Times នៅថ្ងៃសុក្រនេះ បាន​រាយការណ៍ថា មនុស្ស​០៦នាក់បានស្លាប់ និងផ្ទះសរុប ៩១៦ខ្នង រួមទាំង​ភូមចំនួន ៥៨ នៅក្នុងស្រុកចំនួន ០៥ រងការបំផ្លិចបំផ្លាញដោយសារតែគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេសឡាវ។ នេះ បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

យោងតាម Vientiane Times ចំនួនអ្នកស្លាប់ និងការបំផ្លិចបំផ្លាញ​ត្រូវបានវាយតម្លៃ នៅក្នុងរបាយការណ៍​ចុងក្រោយបំផុត​មួយ​ដោយ​អាជ្ញាធរឡាវ នៅក្នុងកិច្ចប្រជុំក្នុងខេត្ត លួងប្រាបាង (Luang Prabang) កាលពីថ្ងៃពុធ​កន្លងទៅ។ របាយការណ៍​ដដែល ក៏បានឱ្យដឹងផង​ដែរថា គ្រោះទឹកជំនន់បង្ក​ឡើងដោយព្យុះ សុនទិញ (Son-tinh) កាលពីពាក់កណ្ដាល​ខែសីហា កន្លងទៅបានផ្ដាច់ជីវិត​មនុស្សយ៉ាងហោចណាស់ ៤៦នាក់ ហើយ ៩៧នាក់បានបាត់ខ្លួន។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​ឡាវ​ប្រជាជន​ប្រមាណ ៨២,៤៦០គ្រួសារ ក្នុងចំណោម​ប្រជាជន ២៣៦,១៨៨នាក់ នៅក្នុងស្រុកចំនួន ៧៩ នៃខេត្តចំនួន ១៤ បានរងផលប៉ះពាល់​ពីគ្រោះទឹកជំនន់ បន្ទាប់ពីការវាយប្រហារ​ដោយព្យុះ Son-tinh និង បេប៊ីនកា (Bebinca) ចាប់ពីពាក់​កណ្ដាលខែកក្កដា ដល់ពាក់កណ្ដាល​ខែសីហា៕