​(អ៊ីស្រាអែល)៖ ក្រសួងការពារជាតិ​អ៊ីស្រាអែល និងក្រុមហ៊ុនផលិត​អាវុធនៅក្នុង​ស្រុកមួយ​បានចុះហត្ថលេខា​ មានតម្លៃរាប់លាន​ដុល្លារ​ក្នុងការអភិវឌ្ឍ និងផលិតមីស៊ីល​រយៈចំងាយឆ្ងាយ​ថ្មីមួយ ដែលមានបាញ់​កម្ទេចគោលដៅសត្រូវ​ទាំងអស់ នៅក្នុងតំបន់​មជ្ឈិមបូព៌ា។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

ជាមួយគ្នានោះ​ដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយ​អ៊ីស្រាអែល ការប្រកាសពី​គំរោងផលិត​មីស៊ីលនេះ ធ្វើឡើងដោយ​រដ្ឋមន្ត្រី​ការពារជាតិ អ៊ីស្រាអែល លោក អេវីកដ័រ ឡៃប៊ឺមែន (Avigdor Lieberman)។ លោក Lieberman បានលើកឡើង​នៅក្នុងអត្ថបទមួយ​ ចុះផ្សាយនៅក្នុង​សប្ដាហ៍នេះ យ៉ាងដូច្នេះថា «យើងនឹងអភិវឌ្ឍន៍ ​ហើយ​ផលិតមីស៊ីលរយៈចំងាយឆ្ងាយ​ថ្មីមួយ ដ៏មានឥទ្ធិពល​បំផុត​ដែលអាចឱ្យយើង​បាញ់កម្ទេច​គោលដៅ សត្រូវមិនថា​នៅទីណានោះទេ​នៅក្នុងតំបន់​មជ្ឈិមបូព៌ា»

គួរជម្រាបថា ព័ត៌មានលម្អិត​ពីគំរោងផលិតមីស៊ីល​ថ្មីរបស់យោធាអ៊ីស្រាអែល មិនត្រូវគេបញ្ជាក់​លម្អិតអ្វីនោះទេ ដោយគ្រាន់តែមានការបង្ហាញឲ្យដឹងថា ក្រុមហ៊ុនឧស្សាហកម្មអាវុធ​រដ្ឋអ៊ីស្រាអែល (IMI) បានទទួលកិច្ច​សន្យាពី​រដ្ឋាភិបាល ដើម្បីផលិតមីស៊ីល​ទៅតាមការចង់​បាននេះ៕