(ស៊ីរី)៖ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Muallem បានចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចជាពិសេសគឺ សហរដ្ឋអាមេរិកថា កំពុងរារាំងមិនឱ្យទីក្រុងដាម៉ាស់វាយដណ្ដើមយកទឹកដីស៊ីរីពួកភេរវករមកវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) កាលពីថ្ងៃព្រហស្បតិ៍ លោក Muallem ក៏បានអះអាងដែរថារដ្ឋាភិបាលស៊ីរីមិន ដែលប្រើប្រាស់អាវុធគីមីឡើយ ហើយក៏មិនមានអាវុធគីមីដូចដែលសហរដ្ឋ អាមេរិក និងលោកខាងលិចចោទប្រកាន់នោះដែរ។ លោក Muallem បានបន្ថែមថា៖ «រដ្ឋាភិបាលស៊ីរីតែងតែព្យាយាមបញ្ជៀស ការស្លាប់របស់ជនស៊ីវិល ...ហើយយើងមិនដែលប្រើប្រាស់អាវុធគីមីឡើយ។ ប៉ុន្តែ បណ្ដាប្រទេសលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិកទៅវិញទេ ដែលកំពុងរារាំងមិនឱ្យពួកយើងវាយដណ្ដើមយកទឹកដីពីពួកភេរវករមកវិញ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានព្រមានកាលពីសប្ដាហ៍មុនថា ពួកគេនឹងធ្វើការឆ្លើយតបភ្លាមៗ បើសិនជា កងកម្លាំងរដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមី នៅក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅខេត្ត Idlib៕