(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នាថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ​​​មីស៊ីលការពារដែនអាកាសស៊េរីថ្មី​របស់​ខ្លួន ទើបតែបានទទួលជោគជ័យក្នុងការធ្វើតេស្ត​កម្ទេចគោលដៅ ដោយត្រឹមត្រូវឥតខ្ចោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍ខាងលើរបស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ​​​កងការពារអាកាសនិងមីស៊ីល​នៃយោធាជើងអាកាសរុស្ស៊ី បាន​​ធ្វើការសាកល្បងដោយជោគជ័យមួយផ្សេងទៀត ទៅលើ​​មីស៊ីលប្រភេទបាញ់ស្ទាក់កម្ទេចគោលដៅស៊េរី នៅឯទីតាំងធ្វើតេស្ត Sary Shagan ក្នុងប្រទេសកាហ្សាក់ស្ថាន។

គួរជម្រាបថា ប្រទេសរុស្ស៊ី កំពុងស្ថិតក្រោមកម្មវិធីធ្វើទំនើបកម្មយោធាទ្រង់ទ្រាយធំ ដែលត្រូវបានប្រកាសឡើងជា​លើកដំបូង​តាំង​តែ​ពី​ឆ្នាំ​២០១០ ហើយ​ទីក្រុងម៉ូស្គូ ត្រូវគេរាយការណ៍ថា មានគោលដៅធ្វើទំនើបកម្ម​លើ​សព្វាវុធក៏ដូចជាបរិក្ខាយោធាឲ្យបាន៧០ភាគរយ នៅ​ឆ្នាំ២០២០៕