(តេហេរ៉ង់)៖ រដ្ឋមន្ត្រីក្រសួង​ស៊ើបការណ៍​សំងាត់អ៊ីរ៉ង់ លោក ម៉ាហ៍មួដ អាឡាវី (Mahmoud Alavi) បានឱ្យដឹងថា កងកម្លាំងសន្តិសុខ​នៅក្នុងប្រទេសអ៊ីរ៉ង់បាន​ចាប់ខ្លួនទីភ្នាក់ងារស៊ើបការណ៍​សំងាត់ ១០នាក់ ដែលបម្រើ​ការឱ្យរដ្ឋាភិបាល​ផ្សេងៗ​ពីគ្នា។ នេះបើតាម​ការចេញ​ផ្សាយ ដោយ​សារព័ត៌មាន ​CGTN នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

លោក Mahmoud Alavi មិនបានបញ្ជាក់​​ពីពេលវេលានៃ​ការចាប់ខ្លួន​ទីភ្នាក់ងារស៊ើបការណ៍​សំងាត់​ទាំងនេះ​នោះទេ ហើយ​ក៏មិនបានបង្ហើបថា ពួកគេបម្រើ​ការងារឱ្យ​ប្រទេស ឬរដ្ឋណា​មួយនោះដែរ​ដោយគ្រាន់តែ​ឱ្យដឹងថា ពួកគេគឺមាន​សញ្ជាតិ​ពីរ។ លោក Alavi បានបន្ថែម​ដូច្នេះថា «អង្គភាពប្រឆាំង​ការស៊ើបការណ៍​សំងាត់ នៃក្រសួង​ស៊ើបការណ៍សំងាត់​បានកំណត់​អត្តសញ្ញាណ និង​បានចាប់​ខ្លួនទីភ្នាក់ងារ​ចារកម្ម ១០នាក់ បម្រើការងារ​ឱ្យរដ្ឋាភិបាល​ផ្សេងៗ​ពីគ្នា»

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក Mahmoud Alavi ធ្វើឡើងនៅក្នុង​បទសម្ភាសន៍ជាមួយទីភ្នាក់ងារ​សារព័ត៌មានអ៊ីរ៉ង់ ISNA នៅថ្ងៃអង្គារ​សប្ដាហ៍នេះ និងចំពេលដែល​អ៊ីរ៉ង់កំពុងមានភាពតាន​តឹងជាមួយ​សហរដ្ឋអាមេរិក ជុំវិញការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ឡើង​វិញរបស់​លោក ដូណាល់ ត្រាំ។ ដោយឡែក បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ឆ្នាំ២០១៧ អ៊ីរ៉ង់ក៏ធ្លាប់​បានចាប់ខ្លួន មនុស្ស ៣០នាក់ផងដែរ ហើយក្នុងភាគច្រើន​ត្រូវបានចោទ​ប្រកាន់ពីបទ​ធ្វើចារកម្ម៕ ​