(ប៉ារីស)៖ ប្រធានាធិបតីបារាំង​លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា សហភាពអឺរ៉ុប​លែងអាចពឹងផ្អែក​ទាំងស្រុងលើ សហរដ្ឋអាមេរិក​ទៀតហើយ ក្នុង​ការការពារសន្តិសុខជាតិ​របស់​ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik ​នៅថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។

លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់​បែបនេះ​ នៅក្នុងសុន្ទរកថា​មានរយៈពេលជាង ៩០នាទី នៅឯសន្និសីទអគ្គរដ្ឋទូតប្រចាំក្នុង​ទីក្រុងប៉ារីស នៅក្នុង​សប្ដាហ៍នេះ។ ថ្លែងនា​ឱកាសនោះ​លោក ម៉ាក្រុង បានលើកឡើង​ថា «អឺរ៉ុបទាំង​មូលលែង​អាចពឹងផ្អែក ទាំងស្រុងលើ​សហរដ្ឋអាមេរិក​ទៀតហើយ ដើម្បីការពារ​សន្តិសុខជាតិ​របស់ខ្លួន... ហើយចាប់ពីឥឡូវនេះតទៅ វាពិតជាចាំបាច់​ដែលអឺរ៉ុប​ត្រូវតែធានា និងពឹងផ្អែក​លើខ្លួនឯង»

គួរបញ្ជាក់ថា នៅក្នុងសន្ទរកថា​នោះ​លោក ម៉ាក្រុង ក៏បានលើក​ឡើងផងដែរពី​ស្ថានភាពនៅក្នុង​ប្រទេស​ស៊ីរី អនាគត​សហភាពអឺរ៉ុប និងការចាកចេញ​របស់អង់គ្លេស​ពី​សហភាពអឺរ៉ុប (Brexit)​៕