(ទ្រីប៉ូលី)៖ រដ្ឋមន្រ្តីមហាផ្ទៃ​​លីប៊ី​លោក អាប់ឌុលសាឡេម អាហ្សួរ (Abdulsalam Ashour) បានឲ្យដឹងថា កិច្ចព្រមព្រៀងបទ​ឈប់បាញ់មួយ​ត្រូវសម្រេចបាន​នៅរដ្ឋធានី​​ទ្រីប៉ូលី ក្រោយពីមាន​ការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាម​រវាងកងកម្លាំង​រដ្ឋាភិបាល និងក្រុម​សកម្មប្រយុទ្ធ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយ​​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។

លោក Ashour បានប្រាប់ថ្លែង​បណ្តាញសារព័ត៌មាន​ក្នុងស្រុកថា បទឈប់បាញ់ខាងលើ ត្រូវសម្រេចបាន បន្ទាប់ពី​កងកម្លាំង​សន្តិសុខទ្រីប៉ូលី បានដណ្តើមកាន់កាប់​ទីតាំងមួយចំនួន​របស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងរដ្ឋធានីរបស់ប្រទេស​លីប៊ី។ ចាប់តាំង​ថ្ងៃអាទិត្យ​​មក តំបន់ភាគខាងត្បូង​លីប៊ី​បានផ្ទុះអំពើ​ហិង្សាប៉ះទង្គិចគ្នា​យ៉ាងក្តៅគគុក រវាង​កងកម្លាំង​របស់រដ្ឋាភិបាល​ ដែលមានការ​ទទួល​​ស្គាល់​​​ដោយ​អង្គការ​សហប្រជាជាតិ និងក្រុមសកម្មប្រយុទ្ធ​ប្រដាប់​អាវុធ ដែលបានផ្តាច់​ជីវិតមនុស្ស​ ០៥នាក់ និងបង្ក​ឲ្យរបួស ៣៣នាក់ ខណៈ​មូលហេតុ​​នៃការប្រយុទ្ធគ្នា​នេះ នៅមិនទាន់ដឹង​ច្បាស់នៅ​ឡើយ។

គួរជម្រាបថា នៅក្រោយការបះបោរ​​កាលពីឆ្នាំ២០១១ ដែលបានផ្តួលរំលំរដ្ឋាភិបាលអាយុកាល ៤២ឆ្នាំ របស់​អតីតមេដឹកនាំ​លោក មួម៉ារ ហ្គាដាហ្វី (Muammar Gaddafi) លីប៊ី​បាន​​​បន្តរងគ្រោះដោយសារ​អំពើហិង្សា និងភាពវឹកវរ ព្រមទាំងការបែកបាក់​ផ្នែកនយោបាយ​យ៉ាងខ្លាំងក្លា​បំផុត៕