(អាមេរិក)៖ ខណៈបេសកកម្ម​សំខាន់ៗនា​ពេលអនាគត ភាគច្រើនអាច​ត្រូវធ្វើឡើងក្នុងផ្ទៃ​សមុទ្រ ដូ​ចជា​នៅលើ​ព្រះច័ន្ទទឹកកក Europa របស់​ភពព្រហស្បតិ៍ (Jupiter) និងព្រះច័ន្ទ Enceladus របស់​ភពសៅរ៍ (Saturn) ទីភ្នាក់ងារអវកាស​អាមេរិក NASA កំពុងធ្វើការស្វែង​​យល់ឲ្យកាន់តែច្បាស់​ជាមុនសិន អំពីបរិស្ថាន​ស្រដៀងគ្នានេះ នៅលើ​ភពផែនដី។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​វែបសាយ Popular Science នៅព្រឹក​ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។

ក្នុងរយៈពេល​ជិត ៦០ឆ្នាំ កន្លងមកនេះមនុស្ស​លោកបាន និងកំពុងបន្តធ្វើការរុករក​ក្នុងទីអវកាស ប៉ុន្តែនាអំឡុងពេល​ដ៏យូរនេះ យើងមិន​ធ្លាប់​បានរកឃើញភស្តុតាង​​ជាក់ស្តែង​ នៃជីវិតនៅក្នុងប្រព័ន្ធ​​ព្រះអាទិត្យ ពោលគឺក្រៅតែ​ពីនៅលើភពផែនដី​ឡើយ។ ទោះបី​ជាដូច្នេះក្តី អ្នកវិទ្យាសាស្រ្ត នៅតែ​យល់ថា ទម្រង់ជីវិតណា​មួយ​ផ្សេង ប្រហែលជា​មានវត្តមាននៅក្នុង​ទីអវកាសដ៏ធំល្វឹងល្វើយនេះ ក៏ប៉ុន្តែកន្លែង​​​ដែលផ្តល់​លទ្ធភាព​ខ្ពស់បំផុតនៃជម្រកជីវិត​នោះ គឺស្ថិតនៅកប់​ពីក្រោយស្រទាប់ផ្ទាំង​ទឹកកក​យ៉ាងក្រាស់ នៅលើព្រះច័ន្ទ​ដូចជា Europa និង Enceladus ជាដើម។

គម្រោងបេសកកម្ម​ដូចជា Europa Clipper និងបេសកកម្ម​ដែលអាចកើតមានឡើង​នាថ្ងៃអនាគត ដែលឆ្ពោះ​ទៅកាន់ Enceladus អាចនឹង​តាម​ស្វែងរកភស្តុតាង​នៃជម្រកជីវិត ឬទម្រង់ជីវិតជា​ពពួកមីក្រូសារពាង្គកាយ នៅក្នុង​ផ្ទៃសមុទ្រ ដែលលាក់ពួននៅ​ក្រោមផ្ទាំងខាងលើ​របស់ព្រះច័ន្ទ​ទាំងនេះ។

យ៉ាងណាមិញ មុនពេលយើង​ធ្វើដំណើរទៅកាន់កន្លែង​ទាំងអស់នោះ NASA ត្រូវបង្កើន​ការយល់ដឹង​របស់​ខ្លួន​ថា តើបរិស្ថាន​ទាំងនេះ ប្រហែលអាច​មានលក្ខណៈ​យ៉ាងដូចម្តេច។ ជាការ​គាប់ជួន​កន្លែងដ៏ប្រសើរបំផុត​សម្រាប់​រឿងនេះ គឺនៅលើផែនដី​​យើងផ្ទាល់​តែម្តង ព្រោះបរិស្ថាន​ក៏ស្រដៀងនឹង Enecladus ឬក៏ Europa និងចំណេញ​ធនធានច្រើន​ក្នុងការស្រាវជ្រាវ​ប្រកបដោយ​ប្រសិទ្ធភាព។

គួរជម្រាបថា នាពេលឆាប់ៗ​ខាងមុខ ​តំបន់ចម្ងាយ​ប្រហែលជិត ០៤គីឡូម៉ែត្រ នៅក្រោម​ផ្ទៃសមុទ្រ​ ពោលគឺតំបន់ភ្នំភ្លើង​​នៅក្រោមបាត​សមុទ្រ​នៃកោះហាវ៉ៃ នឹងក្លាយជាទីតាំង​នៃបេសកកម្ម​ថ្មី​របស់ NASA ហៅកាត់ថា SUBSEA ដែលមាន​គោលដៅរុករក និងសិក្សាពីភាព​អាចទ្រទ្រង់ជីវិត​បាន នៃភ្នំភ្លើងក្រោម​បាតសមុទ្រ Lōʻihi Seamount ដើម្បីធ្វើជា​ឧទាហរណ៍​ប្រៀបធៀបជាមួយព្រះច័ន្ទ​ទាំងឡាយ​ដូចជា​ Enceladus ជាដើម៕