(រ៉ង់ហ្គូន)៖ ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួនបាន​សម្រេចចិត្ត​លុបចោល​គណនី Facebook និង Instagram របស់​ក្រុម​មន្ត្រីយោធាមីយ៉ាន់ម៉ា​ជាន់ខ្ពស់មួយ​ចំនួន ក្នុងគោលបំណង​ទប់ស្កាត់ការរីករាលដាល​នៃព័ត៌មានមិនពិត និង​ការ​ស្អប់ខ្ពើម​ បន្ទាប់ពី ការត្រួតពិនិត្យ​ឡើងវិញនូវ​ខ្លឹមសារ ដែលមន្ត្រីយោធា​ទាំងនោះបានបង្ហោះនា​ពេលកន្លង​មក។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។

ជុំវិញការសម្រេច​ចិត្តនេះដែរ អ្នកនាំពាក្យ​ក្រុមហ៊ុន Facebook លោកស្រី រ៉ាក់ហ៊ីកា ប៊ូដរ៉ាចា (Ruchika Budhraja) បានអះអាងថា នេះគឺជាការហាម ឃាត់ជាលើក​ដំបូងបំផុតលើមេដឹកនាំ​មន្ត្រីយោធា ឬអ្នកនយោបាយ​នៅក្នុងប្រទេស​មួយ។ បន្ថែមពីលើនេះ​លោកស្រី Budhraja បានបញ្ជាក់​ទៀតថា Facebook ក៏បានលុបចោល​គណនីជាច្រើនផ្សេង​ទៀតផងដែរ ដែលត្រូវបានប្រើប្រាស់​ក្រោមរូបភាព​ព័ត៌មាន​ឯករាជ្យ និងការ​បញ្ចេញមតិ ដើម្បីបង្ហោះបន្ត​នូវសារទាំងឡាយ​របស់យោធា​មីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook បានលុបចោលគណនី​សរុបចំនួន ១៨, Instagram មួយ និង Facebook Page ចំនួន ៥២ ដែលមានអ្នក​ Follow ជិត ១២លាននាក់។ មិនតែ​ប៉ុណ្ណោះ​ក្នុងចំណោមគណនី​ទាំងនេះ ក៏មានទាំង​គណនី Facebook​ របស់
ប្រមុខយោធា​មីយ៉ាន់ម៉ា លោក មីនអ៊ុង ហ្លេង (Min Aung Hlaing) ផងដែរ។

ម្យ៉ាងវិញទៀត ការលុបចោល​នេះទៀតសោត ធ្វើឡើងតែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ ក្រោយអង្គការ​សហប្រជាជាតិ​បានចោទប្រកាន់ថា ប្រមុខយោធា​មីយ៉ាន់ម៉ារូបនេះ និងមន្ត្រីយោធា​មួយចំនួនទៀត គឺជាអ្នកទទួល​ខុសត្រូវលើការកាប់​សម្លាប់ជនជាតិ​រ៉ូហ៊ីងយ៉ា និងគួរតែត្រូវបាន​ចោទប្រកាន់ពីបទប្រល័យ​ពូជសាសន៍ និងបទឧក្រិដ្ឋ​កម្មប្រឆាំងនឹង​មនុស្សជាតិ៕