(ស៊ីដនី)៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា លោកស្រីបានលាលែងចេញពី តំណែងនៅក្នុងជួររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី លោក Scott Morrison ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។

ការសម្រេចចិត្តនេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រីចាញ់នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ នៃគណបក្សសេរី និយម។ បន្ថែមពីលើនេះ លោកស្រី Bishop ថែមទាំងបញ្ជាក់ដែរថា លោកស្រីអាចនឹងចូលរួមជាមួយក្រុមគណបក្សប្រឆាំង ហើយ ទន្ទឹមគ្នាមិនបានប្រាប់ថានឹងចូលរួមក្នុងការបោះឆ្នោតសកលនៅខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ឬយ៉ាងណានោះទេ។ ប៉ុន្តែអ្វី ដែលគេដឹង នោះគឺថាការសម្រេចចិត្តនេះអាចនឹងបង្កភាពស្មុគស្មាញដល់រដ្ឋាភិបាលថ្មីរបស់លោក Morrison។

គួរបញ្ជាក់ថា លោកស្រី Julie Bishop ក៏បានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ នៃគណបក្សសេរីនិយម កាលពី ថ្ងៃសុក្រផងដែរ តែបានបរាជ័យ ខណៈលោក Scott Morrison បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអូស្រ្តាលីទី៣០ នៅក្នុងថ្ងៃដដែល ជំនួសលោក Malcolm Turnbull ដែលបានលាលែងពីតំណែងនាយករដ្ឋមន្ត្រី៕