(កាប៊ុល)៖​ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថាន រួមទាំងប្រមុខសន្តិសុខ០២នាក់ផ្សេងទៀត បានសម្រេចចិត្ត លាលែងចេញពីតំណែងហើយ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ នេះបើតាមប្រភពចេញពីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដកស្រង់ដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។

ប្រភពខាងលើថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuter​s នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ដូច្នេះថា៖«យើងបាន ទទួលបានលិខិតលាលែងពីតំណែងចំនួន០៤ ពីរដ្ឋមន្ត្រីពីររូប និងមន្ត្រីសន្តិសុខជាន់ខ្ពស់០២រូប»។ ប្រភពនេះដដែល បានឱ្យដឹង ទៀតថា លិខិតលាលែងពីតំណែងនេះ គឺជារបស់រដ្ឋមន្ត្រីការពារជាតិ លោក Tariq Shah Bahrami និងរដ្ឋមន្ត្រីមហាផ្ទៃលោក Wais Barmak រួមទាំងមន្ត្រីសន្តិសុខជាន់ខ្ពស់អាហ្វហ្កានីស្ថាន០២នាក់ទៀត។ ការលាលែងរបស់ពួកគេធ្វើឡើងតែមួយថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិ លោក Hanif Atmar សម្រេចចិត្តលាលែងពីតំណែង។

តែយ៉ាងណាក៏ដោយ អ្នកទាំង០៤ មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ចំពោះសេចក្ដីរាយការណ៍របស់ Reuters ខណៈ ប្រភពផ្សេងៗគ្នាជាច្រើន អះអាងថាគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងកាប៊ុល និងស្ថានភាពសន្តិសុខបច្ចុប្បន្ន គឺជាមូលហេតុ នៅពីក្រោយការលាលែងរបស់មន្ត្រីកំពូលទាំង០៤នាក់៕