(ហ្សេរុយសាឡឹម)៖ អាជ្ញាធរអ៊ីស្រាអែល បានយល់ព្រមអនុម័តហើយលើគំរោងសាងសង់ផ្ទះ១,០០៤ខ្នងបន្ថែម នៅឯតំបន់ West Bank ដែលអ៊ីស្រាអែល បានដណ្ដើមពីប៉ាឡេស្ទីន។ នេះបើតាមអង្គការ Peace Now ដកស្រង់ដោយសារព័ត៌មាន CGTN​ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

យោងតាមអង្គការក្រៅរដ្ឋាភិបាលអ៊ីស្រាអែល Peace Now ការអនុញ្ញាតលើគំរោងសាងសង់ផ្ទះអាណានិគមត្រូវបានអនុម័តដោយ អាជ្ញាធរអ៊ីស្រាអែល នៅថ្ងៃពុធសប្ដាហ៍នេះ បើទោះជាវាផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងទទួលរងការរិះគន់ក៏ដោយ។ ជាក់ស្ដែង អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់រិះគន់ និងថ្កោលទោសការសាងសង់ផ្ទះអាណានិគមនេះដែរ ដោយហៅវា ថាជាឧបសគ្គដ៏ធំរារាំងដល់ការស្វែងរកសន្តិភាព។

ប៉ុន្តែក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិកមក អ៊ីស្រាអែល កាន់តែបានដៃដោយបង្កើនគំរោង សាងសង់ផ្ទះអាណានិគមនៅក្នុងតំបន់ West Bank រហូតដល់១០,៥៣៦ខ្នង ចាប់តាំងពីដើមឆ្នាំ២០១៧មក។

គួរបញ្ជាក់ថា គំរោង និងការសាងសង់ផ្ទះឱ្យប្រជាជនអ៊ីស្រាអែល នៅក្នុងតំបន់ West Bank គឺផ្ទុយទំាងស្រុងទៅនឹងច្បាប់
អន្តរជាតិ ពីព្រោះតែសំណង់ទាំងអស់នេះត្រូវបានសាងសង់នៅលើទឹកដីដែលអ៊ីស្រាអែល បានដណើ្ដមគ្រប់គ្រងពីប៉ាឡេស្ទីន ដោយខុសច្បាប់កាលពីឆ្នាំ១៩៦៧៕