(ប៉េកាំង)៖ ចិននឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតដឹកជញ្ជូន​ទីមួយរបស់ខ្លួន ដែលផលិតដោយ​​ក្រុមហ៊ុនឯកជនចិន ក្នុងឆ្នាំនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

គ្រាប់រ៉ុក្កែត ZQ-1 ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនផលិតរ៉ុក្កែតឯកជន Landspace ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ ​ដោយ​ផ្ទុកផ្កាយរណបតូចមួយ គ្រាប់រ៉ុក្កែតនេះ នឹងត្រូវបាញ់បង្ហោះនាពេលឆាប់ៗខាងមុខ នៅមជ្ឈមណ្ឌបង្ហោះផ្កាយរណប Jiuquan នៅ​ភាគ​ពាយ័ព្យប្រទេសចិន។

គួរជម្រាបថា ​ប្រសិនបើបេសកកម្មនេះ អាច​ប្រព្រឹត្តទៅដោយជោគជ័យ ZQ-1 នឹង​ក្លាយជាគ្រាប់រ៉ុក្កែតដឹកជញ្ជូនទីមួយ​របស់​ក្រុមហ៊ុន​ឯកជន ដែលអាចនាំយកផ្កាយរណបទៅកាន់ទីអវកាសបាន៕