(ចិន)៖ សហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ រវាងប្រទេសចិន និងប្រទេសផ្សេងទៀត បានអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ពោលគឺអភិវឌ្ឍដំណាលគ្នានឹងពេល ដែលការផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ អភិវឌ្ឍតែម្តង។

សហប្រតិបត្តិការរវាងប្រទេសចិន និង១៦ប្រទេសដូចជាអារ៉ាប់រួម ថៃ រុស្ស៊ី ប៉ាគីស្ថាន និងកូរ៉េ បានវិវឌ្ឍទៅមុខយ៉ាងរលូន បើយោងតាមមន្ត្រីរដ្ឋាភិបាលចិន។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មាន៨៧ប្រទេសជាសមាជិក។ ៦០ភាគរយនៃប្រទេសទាំងនោះ គឺជាអ្នកចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ក្នុងចំណោមនោះ ប្រទេសអាហ្វហ្កានីស្ថាន ទីម័រខាងកើត ហុងហ្ការី អ៊ីត្យូពី និងលីបង់ គឺជាប្រទេសចូលរួមថ្មី។

ធនាគារចិនទាំងឡាយ បានបើកសាខា១០២កន្លែងនៅ២៤ប្រទេស ហើយប្រព័ន្ធទូទាត់ប្រាក់អន្តរធនាគារឆ្លងប្រទេស ដែលហៅកាត់ថា CIPS បានពង្រីកសេវាដល់១៦៥ធនាគារនៅ៤០ប្រទេសដូចជា រុស្ស៊ី សឹង្ហបុរី កូរ៉េខាងត្បូង និងថៃ។ សូមបញ្ជាក់ថា ប្រព័ន្ធទូទាត់ប្រាក់ CIPS គឺជាប្រព័ន្ធមួយដែលផ្តល់សេវាទូទាត់ប្រាក់ជាប្រាក់យ័ននិងសេវាជួញដូរប្រាក់យ័នឆ្លងប្រទេស។

ជាង៥០ប្រទេសដែលត្រូវបានរួមបញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ បានបើកសេវា UnionPay របស់ចិន ដោយមាន២៥លានកាត ដែលតភ្ជាប់សេវាជាមួយក្រុមហ៊ុនជាង៥លាន៤សែនក្រុមហ៊ុន និងទូ ATM ចំនួន៦សែន៨ម៉ឺនទូ។ តួលេខនេះ គឺរួមបញ្ចូលទាំងមួយភាគធំនៃ១៦ប្រទេស នៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតដែលចូលរួម។ នៅទ្វីបអាហ្វ្រិកឯណោះវិញ មាន៥០ប្រទេស និងតំបន់កំពុងចូលរួម។ ពោលគឺស្មើនឹងជាង៧៥ភាគរយ នៃទ្វីបអាហ្វ្រីកទាំងមូលទៅហើយ៕ (សារព័ត៌មាន CCTV របស់ចិន)